ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នក៏ត្រូវរថយន្តមួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន មកបុកចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យកៀបម៉ូតូជាប់ក្រោមរថយន្ត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខហាងផឹកឡឺហ្វេនស៊ី ស្ថិតតាមបណ្ដោយផ្លូវ២៦១ កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ1HI-9790 ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៦ក្នុងទិសដៅពីកើតទៅលិច រួចក៏បានបើកឆ្លងផ្លូវ២៦១ ឆ្ពោះទៅមុខ។ ខណៈដែលម៉ូតូខាងលើ ឆ្លងផ្លូវបានពាក់កណ្តាល ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាករ៉េហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R-9724 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ២៦១ ក្នុងទិសដៅពីត្បូងទៅជើង ជាមួយល្បឿនយ៉ាងលឿន។
លុះមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូខាងលើ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម៉ូតូកៀបក្រោយរថយន្ត រងការខូចខាតបែកកាបាំងមួយខាងឆ្វេង។
ចំណែកឯអ្នកបើកម៉ូតូបានរងរបួសបែកមុខបែកមាត់ និងរថយន្តបានរងការខូចខាតក្រពឹតកាង ផ្នែកខាងមុខចំហៀងខាងស្តាំ។ ភ្លាមៗនោះរថយន្តបង្ក ក៏ព្យាយាមរយែររថយន្តថយក្រោយ ទំនងជាចង់បើកគេចខ្លួន តែក៏ត្រូវប្រជាពលរដ្ឋជួយចាប់ស្ទាក់ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យមកជួយធ្វើការអន្តរាគមន៍។
ក្រោយពេលកើតហេតុ បុរសរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនហុងហាក់ មកដឹកយកទៅធ្វើការសង្គ្រោះភ្លាមៗ ដោយឡែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ពេលក្រោយ៕
មតិយោបល់