ព័ត៌មានជាតិ

រថយន្តបែនបើកបុកគូទម៉ូតូកង់បីឥណ្ឌា និងរថយន្តស៊េរីទំនើបស្លាកលេខរដ្ឋ កំពុងឈប់ស្តុបនៅខណ្ឌសែនសុខ

ភ្នំពេញ: ម៉ូតូកង់បីឥណ្ឌា រួមទាំងរថយន្តស៊េរីទំនើប១គ្រឿង បាននឹងកំពុងឈប់រង់ចាំស្តុប ស្រាប់តែត្រូវរថយន្តបែនធុនធំមួយគ្រឿង បើកមកបុកពីក្រោយពេញទាំងកម្រោល បណ្តោយឲ្យរងការខូចខាត កាលពីវេលាម៉ោង៨ យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុប២៤ម៉ោង ស្ថិតតាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក MISSANDIESEL ពណ៌សជាប្រភេទរថយន្តបែន គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីកើតលិច ជាមួយល្បឿនលឿន។ មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើ ជាន់ហ្វ្រាំងមិនស៊ីក៏បានជ្រុលទៅបុកពីក្រោយម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខ តាកែវ1S-2380 បើកបរដោយបុរសម្នាក់ និងមានដឹកភ្ញៀវចំនួន៣នាក់ពីក្រោយ កំពុងឈប់រង់ចាំស្តុបអទិភាព ត្រង់ចំណុចខាងលើ បណ្តាលឲ្យម៉ូតូកង់បីឥណ្ឌានោះ រុលទៅខាងមុខបន្តទៅបុកពីក្រោយរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាកម៉ាស័រដា CX-9 ពណ៌ស ពាក់ស្លាកលេខរដ្ឋ102-1611 បើកបរដោយបុរសម្នាក់ កំពុងឈប់រង់ចាំស្តុបអទិភាពដូចគ្នា រងការខូចខាតក្រពឹតផ្នែកខាងក្រោយបន្តិចបន្តួច។

ចំណែកឯម៉ូតូកង់បីឥណ្ឌាបានរងការខូចខាតក្រពឹតទាំងផ្នែកខាងមុន និងខាងក្រោយ ហើយរថយន្តបង្កខាងលើ ពុំមានរងការខូចខាតនោះទេ សំណាងល្អករណីនេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានជួយសម្របសម្រួលភាគីទាំងសងខាងផងដែរ បន្ទាប់មកក៏មានដំណាងភាគីខាងរថយន្តបង្ក បានចេញមកធ្វើការចរាចរដោះស្រាយគ្នា ជាមួយភាគីរងគ្រោះទាំងពីរដោយព្រមចេញសំណងចំនួន៦០ដុល្លារ ឲ្យទៅភាគីម៉ូតូកង់បីឥណ្ឌា និងព្រមយករថយន្តរងគ្រោះខាងលើ ទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់