ព័ត៌មានសិល្បៈ និងកម្សាន្ត

សមគ្នា ដាវណ្ណ រីគី និងកូនក្រមុំ តារាសម្ដែង តូច ស្រីពេជ្រ

នៅលើហ្វេសប៑ុក មានការចាប់អារម្មណ៍គួរសម បន្ទាប់ពីតារាសម្ដែង វ័យក្មេង ដាវណ្ណ រីគី និងកូនក្រមុំអ្នកនាង តូច ស្រីពេជ្រ ថតរូបសម្អាងការ ស្របគ្នាដែលមានការទម្លាយថា បើអ្នកទាំងពីរស្រទ្បាញ់គ្នា គឺម្ដាយ និងម្ដាយ ពិតជាលើកដៃដប់ទទួលយកនោះ។

អ្នកលេងហ្វេសប៑ុក សរសើរថា បើកុំបង្ហាញមុខកូនក្រមុំ គ្មានអ្នកណាដឹងថា អ្នកនាងមានកូនក្រមុំស្រស់ស្អាត ដល់ម្លឹងនោះទេ។ ម្នាក់ៗកាន់តែលាន់មាត់ទៅទៀត នៅពេលអ្នកនាងយក ទៅគ្រងឈុតប្រពៃណីខ្មែរ ហើយអោយថតតែងជាមួយគ្នា មិនខុសពីជំរុញអោយធ្វើជាគូស្នេហ៍នឹងគ្នានោះ។ រូបថតសម្អាងបង្ហោះ មិនបានប៉ុន្មានផង អ្នកសរសើថា ពួកគេសមគ្នា ត្រូវបានបន្លឺឡើងជាហួរហែរទៅហើយ ដោយអ្នកខ្លះ បានទាំងថា កញ្ញា មរកត កូនស្រីអ្នកនាង តូច ស្រីពេជ្រ និង តួឯកក្មេង ដាវណ្ណ រីគី ដែលកូនកំលោះរបស់តារាសម្ដែង អ្នកនាង ចាន់ សោភ័ណ្ឌ ហៅ រ៉េតរ៉ូស បើមិនសមជាគូស្នេហ៍ ទើបវាចម្លែក។

ម្នាក់ៗនិយាយថា ចាស់ទុំទាំងសងខាងកំពុងផ្គូរផ្គងអោយក្មេងទាំងពីរបន្សល់ទុកអនុស្សាវរីយ៍ មុនពេលអ្នកនាង តូចស្រីពេជ្រ ដឹកដៃកូនស្រី ទៅសហរដ្ឋអាមេរិក។ យ៉ាងណាមិញ ប្រភពពីចាស់ទុំទាំងសងខាង បានអះអាងថា រវាងកូនស្រីអ្នកនាង តូច ស្រីពេជ្រ និង ដាវណ្ណ រីគី ធ្លាប់ថតជាមួយគ្នា តាំងពីនៅក្មេងវ័យម៉្លេះ ដោយពេលពួកគេម្នាក់ៗពេញវ័យ ក៏នៅតែចូលចិត្តគ្នា គឺអត់មានចាស់ទុំម្នាក់ណា ជំរុញបន្ថែមទេ។ សកម្មភាពថតសម្អាង ដែលបានធ្វើឡើង ក៏ត្រូវបានគេអះអាងថា គឺសាមីខ្លួនកញ្ញា មរកត ជាអ្នកពេញចិត្ត ស្របជាមួយភាគីខាងកូនប្រុសតែម្ដងក៏ពេញចិត្ត ចំណែកម្ដាយៗ ទាំងសងខាង គ្រាន់តែមិនជំទាស់ប៉ុណ្ណោះ។

អ្នកនាង តូច ស្រីពេជ្រ និយាយថា អ្នកនាងបង្កើតបានតែរូបកាយកូនស្រីប៉ុណ្ណោះ ចំណែកទឹកចិត្ត គឺអត់បង្ខំទេ។ អ្នកនាងថា រវាងកូនស្រីរបស់ខ្លួន និង ដាវណ្ណ រីគី ពួកគេទាំងពីរធ្លាប់បានសម្ដែង ជាមួយគ្នាតាំងពីតូចៗមកម្លេះ ហើយដោយសារតែអ្នកទាំងពីរ ក៏នៅតែរត់រកគ្នា ទើបអ្នកនាងទាក់ទង អោយថតជាកូនកំលោះកូនក្រមុំរួមគ្នា មុនពេលអ្នកនាង និងកូនស្រីត្រលប់ទៅអាមេរិកវិញ។ អ្នកនាងថា មិនទាន់ដឹងថា ទំនាក់ទំនងរាប់គ្នារវាងកូនស្រី និង ដាវណ្ណ រីគី ឈានដល់ចំណុចណានោះទេ ប៉ុន្តែបើក្មេងៗ ទាំងរាប់គ្នាជាមិត្ត ឬ លើសពីនេះ គឺអ្នកនាងរីករាយទទួលយក។

ជាមួយនឹងការបង្ហើបរបស់ អ្នកនាង តូច ស្រីពេជ្រ កាន់តែមានការចាប់អារម្មណ៍ ដោយសារតែក្មេងៗទាំងពីរ សុទ្ធតែជាតួសម្ដែងធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា ហើយម្ដាយៗទាំងសងខាង គឺរាប់គ្នាដូចជាគ្រួសារតែមួយទៀត ថ្វីដ្បិតថា ម្ខាងនៅអាមេរិក ហើយម្ខាងនៅកម្ពុជា។ កាន់តែចាប់អារម្មណ៍ទៅទៀត គឺក្មេងៗទាំងពីរក្រោយពេល ពេញរូបពេញរាង គឺសង្ហារ និងស្រស់ស្អាតសមគ្នាគ្មានពីរ ប្រសិនបើក្លាយ ជាគូស្នេហ៍ដូចការប៉ាន់ស្មាន៕

មតិយោបល់