ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យក្រឡាប់ និងមនុស្សរងរបួសធ្ងន់ស្រាលជាច្រើននាក់

ត្បូងឃ្មុំ: កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ តាមបណ្ដោយផ្លូវADB ចំណុចមុខផ្ទះឈ្មោះ អួន ធី ភេទប្រុស ស្ថិតនៅភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុក/ខេត្តត្បូងឃ្មុំ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជា ថន ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ មានអ្នករួមដំណើរឈ្មោះ ប៊ី ចាំ ភេទប្រុស អាយុ ២១ឆ្មាំ ជាតិខ្មែរនៅភូមិជាមួយគ្នា ធ្វើដំណើរពីជើងទៅត្បូង (ក្នុងទិសដៅស្របទិសគ្នា) លុះដល់កន្លែងកើតហេតុ រថយន្តបានទៅបុកម៉ូតូម៉ាក ស៊ូមើ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AB-7951 បើកបរដោយឈ្មោះ វ៉ាន់ ថេ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាត្រាវ ឃុំជីរោទិ៍ទី២ ស្រុក/ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងអ្នករួមដំណើរ១. ឈ្មោះ ស៊ាន ធារិទ្ធ ភេទប្រុស អាយុ ១០ឆ្នាំ ជាតិខ្មែរនៅភូមិជាមួយគ្នា(របួសស្រាល) ២.ឈ្មោះ ស៊ាន កញ្ញា ភេទស្រី អាយុ ១៥ឆ្នាំ ជាតិខ្មែរនៅភូមិជាមួយគ្នា (របួសធ្ងន់)។
បន្ទាប់ពីបុកទង្គិចជាមួយម៉ូតូហើយរថយន្តរេចង្កូត និងក្រលាប់តែម្តង បណ្ដាលឲ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើរត្រូវរងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ៕

មតិយោបល់