ព័ត៌មានជាតិ

Update៖ ឆេះឃ្លាំងស្តុបក្រណាត់ទាំងកណ្តាលថ្ងៃ រថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍

ភ្នំពេញៈ ឃ្លាំងស្តុបក្រណាត់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កជាផ្សែងខ្មួរខ្មាញ់ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឌឹម សាលិក ភេទស្រីអាយុ ២៧ឆ្នាំ មានប្តី ឈ្មោះ លី ចាន់ថុល អាយុ៤០ឆ្នាំ។ ឃ្លាំងខាងលើ មានទំហំទទឹង៥ម៉ែត្រ បណ្តោយ២០ម៉ែត្រ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ មានកម្មលីសែងបាវក្រណាត់ ធ្វើការធម្មតា ខណៈដល់ម៉ោងសម្រាក កម្មកនាំគ្នាហូបបាយ ស្រាប់តែឃើញមានផ្សែងហុយចេញ ពីផ្នែកខាងក្រោយយ៉ាងខ្មួរខ្មាញ់ បង្កជាអណ្តាតភ្លើង។ ភ្លាមនោះ ក៏រាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់ អគ្គិភ័យជាច្រើនមកអន្តរាគមន៍។

ប្រភពដដែលបន្តថា ហេតុការណ៍នេះ មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតឃ្លាំងអស់ប្រហែល៥០ភាគរយ ដោយអគ្គិភ័យនេះ រលត់ទាំងស្រុងនៅវេលាម៉ោង ១២និង២០នាទីថ្ងៃខែដដែល។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច ចេញជួយ១០គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៦ឡាន។ មូលហេតុ៖ នៅមិនទាន់ច្បាស់នៅឡើយទេ៕

មតិយោបល់