ព័ត៌មានជាតិ

ព្រោះតែសារមួយឃ្លាលើហ្វេសប៊ុក ធ្វើឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្តុកក្តួលរំជួលចិត្ត បន្ថែមលើការបាត់បង់សមាជិកខ្លួន!

ភ្នំពេញ: កាលពីថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ មានទុក្ខក្រៀមក្រំ បាត់បង់សមាជិកម្នាក់ ដែលបម្រើការងារ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដោយបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។

លោកអនុសេនីយ៏ត្រី សុខ ពិសី នាយអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានសុំច្បាប់មេបញ្ជាការតែកន្លះថ្ងៃ ដើម្បីទៅចូលរួមធ្វើបុណ្យជាមួយគ្រួសារ នៅឯស្រុក ដែលស្ថិតក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង តែមិននឹកស្មានថា ជួបរឿងអកុសល គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាតបង់ជីវិត បន្សល់ទុកនៅភរិយាវ័យ២៦ឆ្នាំ ឲ្យនៅមេម៉ាយ ជាមួយនិងកូនស្រីវ័យ១ឆ្នាំកំព្រាឪពុកទាំងមិនទាន់ដឹងក្តី។

ក្រៅពីភាពសោកសៅក្រៀមក្រំ ប្រកបដោយចិត្តស្តាយស្រណោះ មិត្តរួមការងារទាំងអស់ បានសម្តែងការចូលរួម រំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបានកំពុងរួមចិត្តគ្នាបរិច្ចាគថវិកា ក្នុងនាមអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ មូលនិធិមហាគ្រួសារអាវុធហត្ថទូទាំងប្រទេស ដែលបង្កើតឡើងដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីជូនដល់គ្រួសារសព ទុកជាការសម្រាលបន្ទុក ដោះស្រាយជីវភាព តទៅថ្ងៃមុខ។

តែអ្វីដែលធ្វើឲ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រឹតតែក្តុកក្តួលរំជួលចិត្ត បន្ថែមពីលើការបាត់បង់ សមាជិកខ្លួននោះគឺ ក្រោយពេលលោក សុខ ពិសី ទទួលមានមរណ:ភាព ស្រាប់តែមានការបង្ហោះ នូវសារចូលរួមរំលែកទុក្ខ ប្រកបដោយ ភាពអាណិតអាសូរ និងស្តាយស្រណោះរបស់មហាជន ក្នុងបណ្តាញហ្វេសប៊ុក ដែលបានចែករំលែកតៗគ្នា និងបានរៀបរាប់ ពីសកម្មភាព ដែលសព លោក សុខ ពិសី ពេលនៅរស់ តែងតែដឹកដៃក្មេងៗ សិស្សសាលាបឋមសិក្សាព្រែកលៀប ឆ្លងផ្លូវស្ទើររាល់ថ្ងៃ បែរជាទទួលមរណ:ភាពត្រឹមមួយពព្រិចភ្នែក។

សារទាំងនេះធ្វើឲ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទប់ទឹកភ្នែកមិនបាន រឹតតែស្រណោះមិត្តរួមការងារកាន់តែខ្លាំង ហើយសារទាំងនេះ ក៏បានក្លាយជាកម្លាំងចិត្តដ៏មហិមា សម្រាប់កម្លាំងអាវុធហត្ថទូទាំងរាជធានី ឲ្យបន្តការងាររឹតតែមិននឿយហត់បន្តទៅទៀតផងដែរ៕

មតិយោបល់