ព័ត៌មានជាតិ

អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក! ស្ត្រីពីរចេញពីផឹកស៊ី និងច្រៀងខារ៉ាអូខេ ទាស់សម្ដីគ្នា លេងសុទ្ធតែកាំបិត….

ឧត្ដរមានជ័យៈ កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបន្ទប់ជួលស្ថិតក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ មានករណីហិង្សាដោយចេតនា ។

ជនសង្ស័យឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នបន្ទប់ជួលកន្លែងកើតហេតុ។ ជនរងគ្រោះឈ្មោះ ឈឿន ផល្លា ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នបន្ទប់ជួល នៅក្បែរជនសង្ស័យ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះ និងជនសង្ស័យ បាននាំគ្នាទៅផឹកស៊ី និងច្រៀងខារ៉ាអូខេយីហោឈ្មោះ ប៊ុន រឿន ជាមួយឈ្មោះ ចេត ជើល លុះនៅវេលាម៉ោង ៥និង៣០នាទីល្ងាចឈ្មោះ ចេត ជើល បានឲ្យប្រាក់ទៅឈ្មោះ ឡេង ស្រីពៅចំនួន១០ម៉ឺនរៀល ដើម្បីទិញស៊ុបយកទៅហូបបន្តនៅបន្ទប់ជួល។

លុះដល់វេលាកើតហេតុ ពេលឈ្មោះ ចេត ជើល និងឈ្មោះ ឈឿន ផល្លាទៅដល់បន្ទប់ជួលវិញ មិនឃើញមានស៊ុបឈ្មោះ ឈឿន ផល្លា បានសួរទៅកាន់ឈ្មោះ ឡេង ស្រីពៅ អំពីរឿងស៊ុប ត្រូវឈ្មោះឡេង ស្រីពៅនិយាយថា «មិនទាន់បានទិញទេ ទើបកើតរឿងឈ្លោះប្រកែកគ្នា»។

ពេលនោះឈ្មោះ ឡេង ស្រីពៅ បានយកចានថ្មគប់ទៅលើឈ្មោះ ឈឿន ផល្លា និងបានយកកាំបិតបុ័ងតោកាប់ទៅលើឈ្មោះ ឈឿន ផល្លាបន្ថែមទៀត ក្នុងពេលនោះឈ្មោះ ចេត ជើលបានចូលទៅឃាត់ ហើយក៏ត្រូវបានឈ្មោះ ឡេង ស្រីពៅ កាប់ត្រូវចំបាត់ដៃខាងឆ្វេង បណ្ដាលឲ្យរយះដេរចំនួន៦ថ្នេរ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

មតិយោបល់