ព័ត៌មានជាតិ

ពលរដ្ឋម្នាក់នៅឃុំបាគង ជីកដីប្រទះឃើញបដិមាធំមួយ នៅក្នុងកសិន្ធុប្រាសាទព្រះគោ

សៀមរាបៈ បដិមាធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខ មានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញ នៅជ្រុងឦសាននៃកសិន្ធុប្រាសាទព្រះគោ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ដោយសារប្រជាជនដែលរស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះ។

លោក ថៃ មិច ជាអ្នកប្រទះឃើញបដិមា បានឱ្យដឹងថា កន្លងមកលោកតែងជីកយកដីនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចក្នុងកសិន្ធុក្បែរប្រាសាទព្រះគោ ដើម្បីបំពេញកន្លែងទឹកដក់ក្រោយផ្ទះរបស់គាត់ ដែលពីដំបូងឡើយលោក មិននឹកស្មានថាជាបដិមានោះទេ តែមើលតាមសណ្ឋានថ្ម លោកមានការសង្ស័យ រួចក៏បានកាយដីបន្ត ទើបដឹងថាជាបដិមា ហើយបញ្ឈប់សកម្មភាព និងបានរាយការណ៍ទៅនគរបាលបេតិកភណ្ឌ ដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។

លោកអនុសេនីយិ៍ទោ អួន យ៉ង់ នគរបាលបេតិកភណ្ឌប្រចាំឧទ្យានរលួស បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងភ្លាម លោកបានស្នើសុំឱ្យផ្អាកសកម្មភាព រង់ចាំលោកចុះមកពិនិត្យដល់ទីតាំងផ្ទាល់ និងរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធ ព្រោះកន្លងមក មានប្រជាជនបានជួបប្រទះនូវបដិមាផ្សេងៗ ដូចករណីនេះជាច្រើនដងមកហើយ និងបានរាយការណ៍ដល់សមត្ថកិច្ចជាប្រចាំ ដែលនេះ ជាសកម្មភាពដ៏គំរូគួរយកតម្រាប់តាម ដូច្នេះ តាមរយៈនេះ សូមអំពាវនាវដល់ប្រជាជន ក៏ដូចជាសាធារណជនទាំងអស់ ដែលបានប្រទះឃើញនូវបដិមា សំណល់បុរាណវត្ថុនៅកន្លែងណាក៏ដោយ សូមប្រគល់ឬរាយការណ៍ដល់អាជ្ញាធរកុំបីខាន។

លោក ឈូក សុម៉ាឡា បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ជាបឋមទាក់ទងនឹងភិនភាគបដិមានេះ ភ្លាមៗមិនអាចសន្និដ្ឋានបាននៅឡើយថា ជាទ្វារបាល ឬព្រះវិស្ណុ ឬអ្វីផ្សេង នោះទេ ដោយហេតុនៃការបាត់បង់ផ្នែកសំខាន់ៗនៃតួខ្លួនច្រើន ដូច្នេះជាកិច្ចការបន្តដើម្បីអភិរក្សរូបបដិមានេះ ក្រុមការងារនឹងគូររូប ថតរូប វាស់វែង ចងក្រងឯកសារ បន្ទាប់មកយកទៅរក្សាទុកនៅរោងជាង ដើម្បីឱ្យអ្នកជំនាញផ្នែកជួសជុលថ្មសម្អាត និងតភ្ជាប់នូវបំណែកបដិមានេះឡើងវិញ មុននឹងតាំងបង្ហាញជាសាធារណៈ។

សូមបញ្ជាក់ថា បដិមាដែលបានរកឃើញមិនពេញលក្ខណៈពេញលេញជាតួខ្លួននោះទេ ព្រោះព្រះកេស ព្រះហស្ថទាំងសងខាង និងព្រះបាទទាំងពីរត្រឹមជង្គង់ត្រូវបានបាត់បង់ និងត្រូវបានប្រគល់ ជូនអាជ្ញាធរ ជាតិអប្សរាយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរដោយមានការចូលរួមពីតំណាងនគរបាលការពារបេតិកភណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកប្រាសាទបាគង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈនៃខេត្តសៀមរាប៕

មតិយោបល់