ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនចោរឆក់ ២នាក់ ក្នុងបុរីជ្រោយបាសាក់

ភ្នំពេញៈ នៅវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៣៦៩ ចំណុចស្ថានីយ៍បូមទឹកព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីចោរឆក់ទូរស័ព្ទ រួចជិះម៉ូតូរត់គេចចូលបុរីជ្រោយបាសាក់។

ជនសង្ស័យទី១ឈ្មោះ វាទ វាសនា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកឌុប។ទី២ឈ្មោះ ខុម រាជ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកឆក់អង្គុយពីក្រោយ។
ជនរងគ្រោះជាជនជាតិចិនឈ្មោះ លី គ័ងនីង (LYU GVONG) ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិក រោងចក្រយីវ៉ូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុគេឃើញមានជនជាតិចិនម្នាក់កំពុងឈរនិយាយទូរស័ព្ទ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាសង់ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1S-3256 ជិះមកពីក្រោយ តាមបណ្តោយផ្លូវ៣៦៩ ពីជើងទៅត្បូង រួចធ្វើសកម្មភាពឆក់ទូរសព្ទ័ម៉ាក HVAWEI មួយគ្រឿង ពីជនជាតិចិនបានសម្រេច រំពេចនោះជនរងគ្រោះស្រែកឆោឡោឡើង រីជនសង្ស័យក៏នាំគ្នាជិះម៉ូតូគេចខ្លួនភ្លាមៗ ខណៈពេលនោះសមត្ថកិច្ចបានជិះម៉ូតូដេញពីក្រោយ រហូតដល់បុរីជ្រោយបាសាក់ ជនសង្ស័យមានការ ភ័យស្លន់ស្លោកបានជិះម៉ូតូរត់ទាំងភ័យត្រូវសមត្ថកិច្ចចាប់បាន។

ក្រោយពីកើតហេតុជនសង្ស័យរួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋាបាលព្រែកប្រា ចំណែកជនរងគ្រោះមកដាក់ពាក្យបណ្តឹង រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់