កំពង់ស្ពឺ៖ មនុស្សយ៉ាងតិចចំនួន ៤នាក់ បានរងរបួសធ្ងន់ ស្រាល ខណៈរថយន្តធុនធំមួយគ្រឿងបានបុករះតូបលក់ដូរនៅអមសងខាងផ្លវ។ ករណីនេះបានកើតឡើងនៅព្រលឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល (អតីតឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាក DAEWOO ពណ៌ទឹកប្រាក់ខៀវលាយស ស្លាកលេខ ភ្នំពេញ ៣E-៦១៨៩ សណ្តោងសឺមីរុឺម៉ក ស្លាកលេខ ភ្នំពេញ៤A-៩០១៩។ រថយន្តនេះ បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកផ្នែកខាងក្រោយរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ៣A-៩៣១២ បេីកបរដោយឈ្មោះ សែត ចំរើន អាយុ៣៧ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរេចង្កូតទៅបុករះតូបលក់ដូររបស់ប្រជាពលរដ្ឋ និងបានធ្លាក់ទៅម្ខាងផ្លវ។ ក្នុងករណីនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានបឋមថា ផ្តើមចេញពីការបេីកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបាត់បង់ម្ចាស់ការ ហើយសង្ស័យងងុយគេង ទើបធ្វេីឱ្យអ្នកបញ្ជារថយន្ដមិនអាចគ្រប់គ្រងស្ថានការបាន។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឱ្យមានការខូចខាតតូបអ្នកលក់ដូរនៅចិញ្ចេីមផ្លូវជាច្រើនតូប និងបង្កឱ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន ៤នាក់ និងសម្ភារមួយចំនួនទៀត (ខូចខាតរថយន្ដស្ទេី៧០ភាគរយ)។ បច្ចុប្បន្នអ្នករបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ រីឯអ្នកបើកបររថយន្ដបង្កបានគេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់។ វត្ថុតាងមធ្យោបាយរថយន្ត សមត្ថកិច្ចកំពុងចំណាត់ការរកមធ្យោបាយស្ទួចយកចេញ និងបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញចាត់ការតាមនីតិវិធី៕
មតិយោបល់