បាត់ដំបងៈ ជនសង្ស័យម្នាក់ ដែលជាជនល្មោភកាម ត្រូវបានកំលាំងនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ធ្វើការឃាត់ខ្លួន ខណៈដែលជននេះបានរត់គេចខ្លួនអស់រយៈពេលពេញមួយថ្ងៃ ក្រោយពេលដែលគេបានធ្វើសកម្មភាព លបឡើងចាប់រំលោភក្មេងស្រីរងគ្រោះដែលទើបតែមាអាយុ១៣ឆ្នាំរួចមក តែមិនបានសម្រេច។
លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៖១៨នាទី រំលងអធ្រាត្រនៅចំណុចភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីចាប់រំលោភសេពសន្ថវៈមួយបានកើតឡើងដដែល បង្កដោយជនសង្ស័យម្នាក់បានឡើងទៅលើផ្ទះក្មេងស្រីរងគ្រោះបំណងចាប់រំលោភតែមិនបានសម្រេច។
យោងតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះឈ្មោះ ជ ឆ វ អាយុ១៣ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ បានរៀបរាប់ថា សព្វថ្ងៃគឺនាងរស់នៅក្នុងផ្ទះនេះតែម្នាក់ឯងដើម្បីសិក្សា ដោយសារតែក្រុមគ្រួសាររបស់នាងមានជីវភាពខ្វះខាត ទើបឪពុកម្តាយរបស់នាងបានចាកចេញពីភូមិទៅនៅឯព្រំដែនកម្ពុជា ថៃ ដើម្បីស៊ីឈ្មួលដកដំឡូងឲ្យគេ គ្រាន់បានកម្រៃខ្លះៗចិញ្ចឹមជីវិត។
នាងបានបន្តថា នៅយប់ថ្ងៃកើតហេតុ ខណៈដែលនាងកំពុងដេកលង់លក់ទៅហើយនោះស្រាប់តែមានមនុស្សប្រុសម្នាក់ បានលបឡើងទៅលើផ្ទះរបស់នាង ដោយបានធ្វើសកម្មភាពចាប់ខ្ទប់មាត់នាងមិនឲ្យនាងស្រែក ដោយគេបានគំរាមមិនឲ្យនាងរើ និងស្រែកឡើយ ដែលសម្លេងនេះបានធ្វើឲ្យនាងស្គាល់គេយ៉ាងច្បាស់ គឺមនុស្សប្រុស នោះមានឈ្មោះ រី រិទ្ធ អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា និងមានផ្ទះនៅក្បែរគ្នាថែមទៀត នេះដោយសារតែគេឃើញនាងរស់នៅម្នាក់ឯង។ ភ្លាមៗនោះដែរ ក្នុងពេលដែលយុវជនរូបនេះបម្រុងចាប់ស្រាតនាងដើម្បីរំលោភ នាងបានរើបំរះ ហើយស្រែកយ៉ាងខ្លាំងតែម្តង ដើម្បីឲ្យអ្នកភូមិមកជួយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកទាំងយប់ថែមទៀតផង ភ្លាមនោះជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលទាំងយប់។
ករណីនេះ លោក គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានចាត់កំលាំងធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៥ និង៣៤នាទីល្ងាច តាមបញ្ជារបស់លោក នួន សាន ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង ដោយបច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់