សៀមរាបៈ កាលពីវេលាម៉ោង ១០ និង00នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចណ៍មួយ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៨-៩ នៅលើផ្លូវជាតិលេខ៦៨ ខាងជើងផ្លូវចូលភូមិតាមាឃ ស្ថិតនៅភូមិតាមាឃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
រថយន្តមួយគ្រឿង ម៉ាកលុចស៊ីស ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2714 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានចុះរត់គេចខ្លួនបាត់ បានធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរម៉ូតូឈ្មោះ មុំ ចាន់រ៉ា ភេទប្រុស អាយុ៣២ ឆ្នាំ និងអ្នករួមដំណើរម្នាក់ត្រូវជាប្រពន្ធ ឈ្មោះ សាយ រំផា ភេទ ស្រី អាយុ៣២ ឆ្នាំ អ្នកទាំងពីររស់នៅភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
មូលហេតុ៖ អ្នកបើកបររថយន្តបើកលឿន មិនប្រកាន់ស្តាំ។ ករណីនេះ បណ្តាលឲ្យស្លាប់មនុស្ស ២នាក់៖
១. ឈ្មោះ មុំ ចាន់រ៉ា ភេទប្រុសត្រូវជាប្តី
២.ឈ្មោះ សាយ រំផា ភេទស្រី ត្រូវជាប្រពន្ធនិងមានផ្ទៃពោះ(ចំនួន៦ខែ) តាមការពិនិត្យរបស់គ្រូពេទ្យ បានបញ្ជាក់ថាជាកូនប្រុស ស្លាប់ក្នុងផ្ទៃម្តាយ និងខូចខាតរថយន្ត និងម៉ូតូធ្ងន់។
សពជនរងគ្រោះ កម្លាំងជំនាញ បានធ្វើការប្រគល់សាកសពទៅឲ្យគ្រួសារ នៃសពយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។ ចំណែករថយន្ត និងម៉ូតូ កម្លាំងជំនាញបានដឹកយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បី រង់ចាំការដោះស្រាយ ទៅតាមនីតិវិធីច្បាប់៕
មតិយោបល់