ភ្នំពេញៈ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ជាក្មេងកំព្រារដែលឪពុកម្ដាយលែងលះគ្នាដោយទុកផ្ញើរនិងជីដូនចិញ្ចឹមបីបាច់ហើយក្រោយមកក្មេងប្រុសរងគ្រោះបានឡើងបេះផ្លែចាន់ដើម្បីយកទៅលក់ប៉ុន្តែជាអកុសលបានរបូតដៃធ្លាក់បោកផ្ទប់ជាមួយរបងថ្មបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរហើយត្រូវបានជីដូននិងអ្នកភូមិបញ្ជូនទៅសង្គ្រោះតែក្មេងប្រុសរងគ្រោះបានស្លាប់បាត់បង់ជីវិតគួរឲ្យអាណោចអាធ័មណាស់ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះមានឈ្មោះ បុល ម៉ារ៉ាយុ អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៣ នៅសាលាបឋមសិក្សារសំបួរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីស្ត្រីឈ្មោះ អ៊ឹម វន្នី អាយុអាយុ៦៣ឆ្នាំ ត្រូវជាជីដូនបានប្រាប់ឲ្យដឹងថាក្មេងប្រុសរងគ្រោះគឺជាក្មេងកំព្រាដែលឪពុកម្ដាយបានលែងលះគ្នានិងចាកចោលបាត់ដោយទុកក្មេងប្រុសរងគ្រោះឲ្យគាត់ជាអ្នកចិញ្ចឹមតាំងពីតូចមកម្ល៉េះហើយក្មេងប្រុសរងគ្រោះគឺជាកូនទី២ក្នុងចំណោមបងប្អូនបង្កើត៣នាក់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់។
តាមប្រភពពីស្ត្រីជាជីដូនបានបន្តថានៅមុនពេលកើតហេតុចៅរបស់គាត់(ក្មេងប្រុសរងគ្រោះ)រួមនឹងក្មេងប្រុសម្នាក់ផ្សេងទៀតបានឡើងទៅបេះផ្លែចាន់លុះមួយសន្ទុះក្រោយមកចៅប្រុសរបស់គាត់ក៏បានរបូតដៃធ្លាក់បោកក្បាលផ្ទប់នឹងរបងថ្មបណ្ដាលឲ្យរងរបួសធ្ងន់។ខណៈនោះគាត់មិនបានប្រើចៅឱ្យឡើងដើមចាន់ឬបានដឹងថាចៅឡើងទៅបេះផ្លែចាន់នោះទេរហូតដល់ពេលចៅមានគ្រោះថ្នាក់ទើបគាត់ដឹងក្រោយមកគាត់បានបញ្ជូនចៅប្រុសទៅកាន់មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតហៅពេទ្យរុស្សីដែរ។
តាមប្រភពបានបន្តទៀតថាលុះពេលទៅដល់មន្ទីរពេទ្យដោយសារតែចៅប្រុសរបស់គាត់នៅក្មេងអាយុទើបតែអាយុ១១ឆ្នាំទើបខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមិនហ៊ានព្យាបាលនោះទេហើយគាត់ក៏បញ្ជូនចៅប្រុសបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ជាដែរប៉ុន្ដែជាអកុសលដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេកទើបនៅវេលាម៉ោង១០យប់ថ្ងៃដដែលចៅប្រុសរបស់គាត់បានស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្ដាយបំផុត។
បន្ទាប់មកជីដូននិងសាច់ញាតិបាននាំយកសពក្មេងប្រុសរងគ្រោះទៅធ្វើបុណ្យនៅក្នុងវត្ដសំបួរមាសសង្កាត់ដង្កោខណ្ឌដង្កោ។
ដោយសារតែជីដូននិងសាច់ញាតិរបស់ក្មេងប្រុសរងគ្រោះមានជីវភាពខ្វះខាតក៏បានអំពាវនាវដល់សប្បុជនទាំងអស់សូមជួយឧបត្ថម្ភដើម្បីរៀបចំធ្វើពិធីបុណ្យសពក្មេងប្រុសរងគ្រោះនេះផង៕
មតិយោបល់