ព័ត៌មានជាតិ

នៅក្មេងៗណាស់! សិស្សសាលា ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់អ្នកដំណើរតាមផ្លូវ មិនសម្រេចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ យុវជនវ័យក្មេងពីរនាក់ ត្រូវបានសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ធ្វើការជិះប្រដេញ និងចាប់វាយខ្នោះភ្លាមៗ ត្រង់ចំណុចខាងក្រោយស្ពានអាកាស៥មករា ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ មិនបានសម្រេចនៅត្រង់ចំណុចខាងមុខឃ្លោងទ្វារវត្តសំរោងអណ្ដែត ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យទី១ដែលជាអ្នកបើកម៉ូតូមានឈ្មោះ ផូ វិរៈបុត្រ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅវិទ្យាល័យភ្នំពេញថ្មី ស្នាក់នៅបឹងកក់ទី១ ខណ្ឌទួលគោក និងទី២ដែលជាអ្នកអង្គុយខាងក្រោយ ធ្វើសកម្មភាពមានឈ្មោះ នូរ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មី ស្នាក់នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការជិះល្បាត ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។ លុះពេលជិះមកដល់ចំណុចខាងមុខឃ្លោងទ្វារវត្តសំរោងអណ្ដែត ស្រាប់តែប្រទះឃើញជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GB-5966 តាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈនោះ ពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង មិនចាំម៉ាកពីនារីម្នាក់ ដែលកំពុងជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ មិនចាំស្លាកលេខ ក្នុងទិសស្របទិសគ្នាតែមិនបានសម្រេច។

ភ្លាមៗនោះនារីរងគ្រោះ ក៏បានស្រែកចោរៗបង្កអោយជនសង្ស័យទាំងពីរនាក់ ភ័យស្លន់ស្លោរួចក៏ព្យាយាមបន្ថែមល្បឿន បើករត់គេចខ្លួន។ ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏ជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយ រហូតទៅដល់ចំណុចខាងក្រោមស្ពានអាកាស៥មករា ដោយជនសង្ស័យភ័យស្លន់ស្លោ ក៏បានដួលម៉ូតូរួចក៏ត្រូវបានសមត្ថកិច្ច ធ្វើការចាប់វាយខ្នោះភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងរង់ចាំបញ្ជូនបន្តទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់