បន្ទាយមានជ័យៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងលក់ចំណីអាហារ នៅតាមសាលានានានៅក្រុងសិរីសោភ័ណ ដោយបានចុះពន្យល់ណែនាំ អ្នកលក់អំពីការមើលបរិច្ឆេទផុតកំណត់ និងការទុកដាក់លក់នំចំណីប្រកបដោយអនាម័យ ដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ ពិសេសសិស្សានុសិស្ស។
ក្នុងនោះដែរ មន្ត្រីជំនាញបានរកឃើញនំស្រួយ នំកញ្ចប់ និងភេសជ្ជៈ មួយចំនួនហួសកាលបរិច្ឆេទ និងបានដកហូតទុកដើម្បីដុតកម្ទេចចោល បន្ទាប់មកសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មដដែល បន្តចុះត្រួតពិនិត្យទំនិញនៅតាមផ្សារទំនើបមួយចំនួនទៀត នៅក្រុងសិរីសោភ័ណ មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទមានដូចជា ការ៉េមប្រេននាំចូលពីថៃ នំកញ្ចប់ ស្ករគ្រាប់ នំសូកូឡា នំស្នូលទុរេន មីកម្ទេចកញ្ចប់ ទឹកក្រូច សរុបប្រមាណ ១៥គីឡូក្រាម មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត និងប្រមូលយកទុកដើម្បីដុតកម្ទេចចោល៕
មតិយោបល់