ភ្នំពេញៈ បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដើរទៅទិញកាតទូរស័ព្ទត្រូវក្រុមជនសង្ស័យចំនួន៦នាក់ យកដុំថ្មនិងដាវសាំម៉ូរ៉ៃដេញកាប់ កាលពីវេលាម៉ោង៩៖៤០នាទី ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ការដ្ឋានសំណង់ មួយកន្លែង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានក្រុមជនបង្កកាប់ បណ្តាលឲ្យរងបួស យ៉ាងធ្ងន់ធ្ងរ ខាងលើនេះ មានឈ្មោះ ផូ សុភក្ក្រ័ (ហៅបូ) ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានជនបង្ករកាប់ចំក្បាលដេរចំនួន ៧ថ្នេរ ចិញ្ចើមដេរចំនួន៤ថ្នេរ ក្រោមក្បាលជង្គង់ ដេរចំនួន១៩ថ្នេរ និងចំដើមទ្រូងដេចំនួន៦ថ្នេរ ។
យោងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ បន្ទាប់ពីសម្រាកពីការងារ ខ្លួនបានទៅលេងបងប្អូននៅកំពង់ស្ពឺ ដើម្បីរកការងារធ្វើបន្ត រហូតដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះជាបង រួមនិងប្អូនប្រុស រួមនិងប្រពន្ធរបស់គេ បាននាំគ្នាជិះម៉ូតូត្រឡប់មកកន្លែងធ្វើការងារ របស់ខ្លួនវិញ ក៏បានជួបនិងប្អូនថ្លៃខាងប្រពន្ធរបស់គាត់ រួចក៏បានបបួលគ្នាទៅរកទិញស្រាថ្នាំចំនួន០១លីត្រ យកមកផឹកជុំ គ្នា៤នាក់ លុះផឹកអស់ហើយក៏នាំគ្នាចេញមកខាងក្រៅកន្លែងស្នាក់នៅក្នុងការដ្ឋានរបស់ខ្លួន ដើម្បីជូនដំណើរប្អូនប្រុសនិងប្រពន្ធរបស់គេ ត្រឡប់ទៅកំពង់ស្ពឺវិញ ប៉ុន្តែមិនទាន់បានឡើងម៉ូតូជិះនោះទេ ជនរងគ្រោះរួមនិងប្អូនប្រុស និងប្រពន្ធរបស់ខ្លួន បានដើរទៅផ្ទះល្វែងដែលកំពុងសាងសង់ ដើម្បីរកទិញកាត ទូរស័ព្ទ ខណៈនោះស្រាប់តែមានជនសង្ស័យចំនួន៦នាក់ ដែលជាកម្មករសំណង់ដូចគ្នា កំពុងតែអង្គុយផឹកស្រានៅលើដំបូល និងបាននាំគ្នាយកដុំថ្ម កាន់គ្រប់ដៃ គប់មកលើជនរងគ្រោះដែលនៅខាងក្រោម ហើយត្រូវបានជនរងគ្រោះស្រែកសួរទៅកាន់ពួកគេថា គប់មកលើអញធ្វើអី ? ទើបធ្វើឲ្យក្រុមជនសង្ស័យខឹង ក៏ស្ទុះចុះពីលើដំបូលដែលជាកន្លែងផឹកចុះមកខាងក្រោម ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃគ្រប់ដៃដេញសំដៅមកលើជនរងគ្រោះ ត្រូវបានជនរងគ្រោះឃើញក៏ប្រញាប់រត់យករួចខ្លួន តែត្រូវបានក្រុមជនបង្ករគប់ដុំថ្មចំបណ្តាលឲ្យជំពប់ជើងដួល ហើយក៏ត្រូវបានពួកគេកាប់ប្រហារជាច្រើនដាវ ត្រូវចំជនរងគ្រោះជាច្រើនកន្លែងបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះឃើញក៏រត់ចូលទៅឃាត់ តែក៏ត្រូវបានក្រុមជនបង្កកាប់ចំមេដៃ បណ្តាលឲ្យរងរបួសផងដែរ រួចរត់គេចខ្លួនបាត់អស់តែម្តង។
ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានដឹកយកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់