ភ្នំពេញៈ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ជា ចាន់តូ ទេសាភិបាលធនាគាជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការបំបួសកុលបុត្រ កុលធីតានិងដូនជីសរុប៨០០ អង្គ នាក់ វគ្គទី៨ ក្រោយពីបានដំណើរការអស់រយៈពេល៩យប់៨ថ្ងៃ នៅវត្តសម្ពលី ក្នុងសង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ។
ក្រៅពីកុលបុត្រ កុលធិតា ក៏មានលោកស្រីជាច្រើនរូប បានចូលរួមសាងផ្នួសជា ដូនជីក្នុងឱកាសនេះដែរ ដោយមកពីខេត្ត ក្រុងចំនួន១៧ទូទាំងប្រទេស។ ពិធីបំបួសកុលបុត្រ កុលធិតា ឬបំបួសនាគនេះជាប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនាដែលបានធ្វើឡើង សំរាប់មនុស្សក្មេង ចាស់ ប្រុសស្រី ក្នុងន័យសងគុណឪពុក ម្តាយ អ្នកមានគុណដែលបាន ចិញ្ចឹមបីបាច់ ថែរក្សាតាំងពីកើតមករហូតដល់ធំដឹងក្តី និងជាការធ្វើសមាធិសតិអារម្មណ៍ តាមផ្លូវធម៌ និងរៀនសូត្រពីធម៌វិន័យដូចព្រះសង្ឃដូច្នោះដែរ។
លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា ពិធីបំបួសកុលបុត្រ កុលធិតានាពេលនេះ គឺមានសារសំខាន់ក្នុងការ អប់រំផ្លូវចិត្ត ធ្វើឲ្យមនុស្សមានការយល់ដឹងកាន់តែប្រសើរ យល់ដឹងពីបាបបុណ្យអំពើជា កុសល និងមានធម៌ខន្តី យោគយល់អនុគ្រោះដល់មនុស្សផងគ្នាដោយប្រកាន់ខ្ជាប់តាម ពុទ្ធឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។
លោកបន្តថា ជាការពិតណាស់ បើគ្មានសន្តិភាព គ្មានការដឹកនាំដ៏ត្រឹមត្រូវទេនោះ យើងពិតជាមិនមានអ្វីៗដូចពេលនេះដែរទាំងពុទ្ធចក្រ និងអាណាចក្រ។ កម្ពុជា ពុំមានជម្លោះខាងសាសនាដូចប្រទេសមួយចំនួនលើសកលលោកនោះទេ ប្រជាពលរដ្ឋមានសិទ្ធិជឿទៅលើសាសនាណាក៏បាន ឲ្យតែខ្លួនពេញចិត្ត និងក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
ឈ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញក៏បានធ្វើការអំពាវនាវជាថ្មី ទៀត សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមឱ្យបានគ្រប់គ្នាក្នុងយុទ្ធនាការធ្វើជំរឿនប្រជាពលរដ្ឋ ដែលកំពុងដំណើរការនាពេលនេះ ក្នុងរយៈពេល២ខែកន្លះ ដែលជាទិន្ន័យសំខាន់សម្រាប់ការធ្វើផែនការណ៍អភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាការផ្តល់ព័ត៌មានដល់អាជ្ញាធរបានដឹងពីតំរូវការសេវា ផ្សេងៗដូចជាសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារជាដើមដែលជាឯកសារចាំបាច់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូន៕
មតិយោបល់