ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង នៅមុខហាងទីក្រុងអាន់ឆ័រ បណ្ដាលរងរបួសមនុស្ស ៤នាក់

ភ្នំពេញ: យុវជនបីនាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ជិះដោយយុវជនម្នាក់ បញ្ច្រសទិសគ្នាពេញទំហឹង បណ្ដាលមនុស្សរងរបួសសន្លប់ស្តូកស្តឹងពេញផ្លូវ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដាយផ្លូវ២៦១ កែងនិង១៥០ ត្រង់ចំណុចមុខទីក្រុងអាន់ឆ័រ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនបីនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HG 7393 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ ដោយសារម្ចាស់ហាងទីក្រុងអាន់ឆ័រ ដាក់ម៉ូតូភ្ញៀវដែលចូលហាងលើចិញ្ចើមផ្លូវ បណ្ដាលជ្រុលទៅបុកម៉ូតូ MSX ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1GB 5511 ជិះដោយយុវជនម្នាក់ បញ្ច្រសទិសដៅគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់ ត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌទួលគោក ចុះវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅក្រោយ៕

មតិយោបល់