ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទ ដែលឈរនៅតាមរបង និងក្រោមដើមឈើ រួមទាំងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់វត្តភ្នំ បានបើកប្រតិបត្តិការចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ រួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលបានបង្កភាពអណាធិបតេយ្យ បណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ និងតម្លៃស្រ្តីខ្មែរ ។
ជាលទ្ធផល រយៈពេល ១សប្តាហ៍ នៃប្រតិបត្តិការបង្ក្រាបនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) សរុបចំនួន ៤៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៧នាក់ ប្រុស ១២នាក់ បញ្ជូនមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ បញ្ជូនបន្តទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ៕
មតិយោបល់