ព័ត៌មានជាតិ

២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ ម្នាក់បានលុយ មួយទៀតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់កាបូបលុយ ត្រង់ចំណុចមុខខ្លោងទ្វារវត្តគោកខ្សាច់ ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ១៥នាទីយប់ ។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។
២/ឈ្មោះ ទិត តឹប ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ (រត់គិចខ្លួន)។
ជនរងគ្រោះឈ្មោះ ម៉ន មុំ ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ទីលំនៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។

សម្ភារៈបាត់បង់៖
-លុយខ្មែរចំនួន៣៥០០០០០រៀល (បីលានហាសិបម៉ឺនរៀល)
-លុយដុល្លារចំនួន៤២០០ដុល្លារ (បួនពាន់ពីររយដុល្លារអាមេរិក)។
វត្ថុតាងដកហូតបាន៖ ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-9684 មានលេខតួ និងលេខម៉ាស៊ីន5639384 ។

ដំណើររឿង៖ កាលពីវេលាម៉ោងកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកគុបជ្រុង ពណ៌ខៀវ ឌុបម្តាយឈ្មោះ ចាន់ ម៉ៅ អាយុ ៥១ ឆ្នាំ និងប្អូនស្រីឈ្មោះ ម៉ន ចង្រឹត ភេទស្រី អាយុ ២៤ ឆ្នាំ ទៅបន្ទប់ជួលស្ថិតនៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចខាងលើ ក៏មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូទៅអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ កែវ ចំរើន អង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីម្តាយជនរងគ្រោះ តែទាញមិនបានធ្វើឲ្យភាគីទាំងសងខាដួលទៅនឹងថ្នល់ បន្ទាប់មកជនសង្ស័យទី២ក៏ស្ទុះទៅឆក់យកកាបូបស្ពាយ ហើយរត់គេចខ្លួនបាត់ ចំណែកជនសង្ស័យទី១ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

មតិយោបល់