ព័ត៌មានជាតិ

សេ១២៥ បើកបុកកន្ទុយកុងតឺន័រ ដែលខូចចតឈប់តាមផ្លូវ ដួលបោកយុវជនម្នាក់របួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់សន្លប់ឈឹងនៅកន្លែង បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកកន្ទុយ រថយន្តកុងតឺន័រដែលខូច កំពុងចតឈប់ស្ងៀម នៅតាមផ្លូវ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មានរថយន្តប្រភេទកុងតឺន័រ ម៉ាក VOLVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9374 ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ រថយន្តមានបញ្ហាបច្ចេកទេស ខូចរលត់ម៉ាស៊ីន ហើយក៏បានចតឈប់ ស្របជាប់នឹងខឿនទ្រូងផ្លូវកណ្តាល ដោយមិនមានដាក់សញ្ញា មុខឬក្រោយរថយន្តទេ ខណៈនោះស្រាប់តែមានម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1F-6538 បើកបរដោយជនរងគ្រោះ ធ្វើដំណើរពីត្បូងទៅជើង ជ្រុលទៅបុកកន្ទុយកុងតឺន័រ បណ្ដាលឲ្យបោកផ្ទប់ដួលរងរបួសធ្ងន់ សន្លប់ស្តូកនៅកន្លែងតែម្ដង ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិក សុធារិទ្ធ បែកចាន ប្រជែងពីរថយន្តគ្លីនិកផ្សេងៗ ដឹកយកទៅសង្គ្រោះ ។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញពិនិត្យ វាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់