ព័ត៌មានជាតិ

ករណីឃាតកម្ម បុរសម្នាក់ត្រូវគេរឹតកសម្លាប់ នៅស្រុកអង្គស្នួល

កណ្ដាលៈ នៅវេលាម៉ោងប្រហែល៣ និង៣០នាទីរសៀលថ្ងៃ‌ទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចកញ្ចុះលក់ដីឡូតិ៍ ស្ថិតនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីឃាតកម្ម។

ជនរងគ្រោះ‌ឈ្មោះ រ៉ុម សារាជ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កម្មករជាងផ្សារដែក នៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំ ។

ក្រោយទទួលបានព័ត៌មាន ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញ ខេត្តនិងស្រុក ប៉ុស្តិ៍រដ្ឋបាលសំរោងលើ បានធ្វើការស្រាវជ្រាវ និងឈានដល់ការកំណត់មុខសញ្ញាជនល្មើស បានដូចខាងក្រោម ៖

ជនសង្ស័យឈ្មោះ ធី សុខគីម ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កម្មករស៉ីឈ្នួល (ចាក់បេតុង) នៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
-ខ្សែពណ៌លឿង០១
-កាំបិតប៉័ងតោ០១ ។

តាមការសួរបំភ្លឺពីប្រពន្ធជនរងគ្រោះឈ្មោះ ពិត ចាន់កែវ ភេទស្រី អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរធ្វើស្រែ នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ប្តីរបស់ខ្លួន ពេលព្រលប់បាននាំគ្នាផឹកស្រា ជាមួយបងប្អូនរហូតដល់ម៉ោងប្រហែល ១០ និង០០ នាទីយប់ ទើបនាំគ្នាបែកទៅផ្ទះរៀងៗខ្លួន ខណៈប្តីគាត់ក៏ចេញទៅក្រៅ ជាមួយមិត្តភក្តិ៦ឬ៧នាក់ទៀត។

ពេលនោះ ស្រាប់តែឃើញឈ្មោះ ធី សុខគីម មកសួរគាត់ថា យប់ថ្មើរហ្នឹងហើយមិនទាន់ចូលដេកទៀត ហើយក៏ទៅបាត់ទៅ គាត់ក៏នៅអង្គុយចាំប្តីរហូតដល់វេលាម៉ោងកើតហេតុ ទើបឃើញប្តីមកវិញ ជាមួយបងប្អូន។ ដោយជនរងគ្រោះជាប្តី បានឃើញឈ្មោះ ធី សុខគីម និយាយលេងជាមួយប្រពន្ធខ្លួន ក៏កើតក្តីប្រចណ្ឌ ឈ្លោះជាមួយប្រពន្ធមួយសន្ទុះធំ ក្រោយមកប្រពន្ធជនរងគ្រោះក៏ចូលដេក តែជនរងគ្រោះបានដើរចេញទៅក្រៅបាត់រហូតទល់ភ្លឺ ប្រពន្ធក៏ដើររក ហើយបានឃើញនៅកញ្ចុះក្នុងដីឡូតិ៍ស្លាប់បាត់ទៅហើយ ។

ក្រោយមកសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមាន ការចូលរួមព្រហ្មទណ្ឌស្រុកប៉ុស្តិ៍រដ្ឋបាល ឃុំសំរោងលើ លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងប្រពន្ធជនរងគ្រោះ បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញថា មានស្នាមទ្រុឌជាំខ្មៅជុំវិញក ក្រៅពីនោះគ្មានស្លាកស្នាមអ្វីទេ។

ការសន្និដ្ឋាន៖ លោកគ្រូពេទ្យ និងជំនាញ ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម (រឹតក) មូលហេតុ ដោយការប្រច័ណ្ឌ ។ បច្ចុប្បន្ន សពជនរងគ្រោះ បានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់