ភ្នំពេញៈ ដោយទទួលបានបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងយោងតាមដីការបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការណ៍
ជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា ធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ ស.វ.ធ អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់ទូរស័ព្ទនិងបញ្ចាំ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងការលក់ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណបណ្ណ ដោយធ្វើអក្សរ LED រត់ពីមុខហាង “ទិញស៊ីមកាតមិនចាំបាច់ប្រើអត្តសញ្ញាណប័ណ្ណ” ដែលផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា លេខ១១០៦ ន.ទ.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីឱសានវាទចុងក្រោយត្រឹមថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការបញ្ឈប់ ការលក់ស៊ីមកាតទូរសព្ទ័មិនយកអត្តសញ្ញាណបណ្ណ និងច្បាប់ស្តីពីទូរគមនាគមន៍។
តាមការសាកសួររបស់មន្រ្តីជំនាញ ស.វ.ធ បានសារភាពថា ខ្លួនពិតជាបានលក់ស៊ីមកាតដោយមិនយកអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន និងលក់ស៊ីមកាតដែលមានអត្តសញ្ញាណបណ្ណអ្នកដទៃជំនួស ព្រមទាំងបានធ្វើ LED ដើម្បីផ្សាយពិតប្រាកដមែន។ បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់៖ កន្លងមកមានបទល្មើសជាច្រើន ដូចជាការទូរស័ព្ទមកបោកបញ្ឆោតជនរងគ្រោះ ដើម្បីឈ្នះរង្វាន់ផ្សេងៗ ការឆរបោកតាមរយៈការក្លែងធ្វើជាសាច់ញាត្តិជួបគ្រោះថ្នាក់ចរាចរណ៍ និងតម្រូវឲ្យផ្ញើរប្រាក់ មកសង្រ្គោះការឆរបោកតាមរយៈបណ្តាញសង្គម Facebook ក៏ដូចជាបទល្មើសដែលបង្កអសន្តិសុខដល់សង្គមផ្សេងៗទៀត។ល។ សមត្ថកិច្ច មានការលំបាកក្នុង ការស្រាវជ្រាវរកជនល្មើសដើម្បីយកមកផ្តន្ទាទោស ដោយសារជនល្មើសទាំងនេះ បានទិញស៊ីមកាតទូរសព្ទ័ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ យកមកបោកប្រាស់ជនរងគ្រោះ ពីហាងលក់ស៊ីមកាតទូរសព្ទ័អស់ទាំងនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការណ៍ ជាមួយសមត្ថកិច្ចនគរបាល ដោយមិនទិញ ឬលក់ស៊ីមកាតទូរសព្ទ័ ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ជាពិសេសឲ្យបណ្តាហាងលក់ស៊ីមកាតទាំងអស់ ឲ្យបញ្ឈប់ជាបន្ទាន់រាល់ការលក់ស៊ីមកាតដែលមិនមានបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ ព្រោះពួកគេអាចប្រឈមមុខនឹងច្បាប់ និងអាចឈានដល់ការបិទអាជីវកម្មរផងដែរ៕
មតិយោបល់