ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច រកឃើញបារីជាច្រើនប្រភេទ នាំចូលស្តុកចែកចាយ ផ្ទុយទៅនឹងច្បាប់

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិលើកម្ពស់សុខភាព ក្រសួងសុខាភិបាល និងកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងផ្ទះលេខ ១០៤ ផ្លូវ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីសង្ស័យធ្វើការនាំចូល ស្តុក ចែកចាយ បារីម៉ាក GOLD SEAL ក្នុងមួយកញ្ចប់ ១០ដើម និងបារីជាច្រើនប្រភេទទៀត ពុំមានសារព្រមានសុខភាព ព្រមទាំងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ផ្ទុយទៅនឹងច្បាប់ ។

សមត្ថកិច្ចចម្រុះ បានធ្វើការឆែកឆេរត្រួតពិនិត្យ ក្នុងឃ្លាំងស្តុកបារី នៃទីតាំងខាងលើ ដោយបានរកឃើញនូវសម្ភារ រួមមាន៖ បារីម៉ាក GOLD SEAL (មួយកញ្ចប់ដប់ដើម) និងបារីគ្មានសារព្រមានសុខភាពមួយចំនួនទៀតដូចជា ម៉ាក GOLD SEAL(មួយកញ្ចប់ម្ភៃដើម), GUDANG GARAM, HARVEST, ORIS, TRADITION, ASHFORD, និងម៉ាក LIPS ដែលសរុបទាំងអស់ចំនួន ១២៩កេស ព្រមទាំងសម្ភារប្រើប្រាស់ សម្រាប់បំរើឲ្យការងារផ្សាយពាណិជ្ជកម្មបារី ចំនួន ០៦មុខ ផ្សេងទៀត ។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចអោយសមត្ថកិច្ច ធ្វើការដកហូតវត្ថុតាងទាំងអស់ខាងលើ ដោយរក្សាទុកជាបណ្តោះអាសន្ន នៅក្នុងបន្ទប់ឃ្លាំងដាក់សម្ភារ នៅក្នុងទីតាំងដដែល បិទប្លំបេ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្តទៀត ដោយដាក់ឲ្យស្ថិតក្រោមការទទួលខុសត្រូវ របស់តំណាងម្ចាស់ទីតាំង រង់ចាំការសម្រេចពីស្ថាប័នតុលាការ ព្រមទាំងតម្រូវឲ្យឈ្មោះ ឈុន រត្ថា ភេទប្រុស អាយុ៣៤ឆ្នាំ ចូលខ្លួនទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕

មតិយោបល់