ព័ត៌មានជាតិ

លោក ទិត្យ ណារ៉ុង៖ មិនត្រូវយករថយន្តស្លាកលេខនគរបាល ទៅប្រើប្រាស់ក្នុងវិស័យឯកជន ឬឲ្យជនបរទេសប្រើប្រាស់រថយន្តស្លាកលេខរដ្ឋជាដាច់ខាត

សៀមរាបៈ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំលេខ០១៩សណន របស់ក្រសួងមហាផ្ទៃ ស្ដីពីការគ្រប់គ្រងប្រើប្រាស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ លោក ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ មិនត្រូវយករថយន្តស្លាកនគរបាលទៅប្រើប្រាស់ក្នុងវិស័យឯកជន ឬឲ្យជនបរទេសប្រើប្រាស់ រថយន្តស្លាកលេខរដ្ឋជាដាច់ខាត ។

ដោយលោក បានបន្ថែមថា កងកម្លាំងនគរបាល និងអាវុធ មិនត្រូវឲ្យមានការចេញ ទៅការពារ តាមក្លឹបកម្សាន្ត ខារ៉ាអូខេ ឬការពារវិស័យឯកជន ដែលផ្ទុយពីសេចក្តីណែនាំនោះទេ

ជាមួយគ្នានោះដែរ លោកស្នងការក៏បានក្រើនរំឭកដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវបង្កើនការគ្រប់គ្រង ការដឹកនាំ និង ការចាត់ចែងកងកម្លាំងក្រោមឱវាទ ឲ្យបានល្អ ក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន ដោយបង្កើនការយកចិត្តទុក ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ៕

មតិយោបល់