កណ្ដាលៈ យោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រោយពីបានទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ សមត្ថកិច្ចនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រកជនសង្ស័យ ដែលបានប្រើប្រាស់បណ្ដាញសង្គម Facebook និង YouTube ដើម្បីផ្សព្វផ្សាយ ផលិត និងលក់ឧបករណ៍នេសាទខុសច្បាប់ តាមសំណើស្នើសុំពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ជាលទ្ធផលនៃការស្រាវជ្រាវ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ង្វៀន យ៉ាំងតេវ ភេទប្រុសអាយុ ៣១ឆ្នាំ ជាជនជាតិវៀតណាម នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ ០១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយរឹបអូសបានឧបករណ៍ឆក់ត្រី ដែលបានកែច្នៃរួចចំនួន០២គ្រឿង ជាប់នឹងខ្លួន។
បន្ទាប់មក កម្លាំងរបស់នាយកដ្ឋាន បានសហការជាមួយ ស្នងការដ្ឋានខេត្តកណ្តាល និង សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងមានការសម្របសម្រួលដឹកនាំដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះជនសង្ស័យនិងរកឃើញឧបករណ៍ឆក់ត្រីដែលកែច្នៃរួចចំនួន ៩ គ្រឿងទៀត។
គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះ ជនសង្ស័យបានបង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ឆក់ត្រីកែច្នៃ ដែលមានប្រសិទ្ធភាពខ្ពស់តាមរយៈបណ្ដាញសង្គម Facebook និង YouTube ដែលធ្វើឱ្យមានការរិះគន់ជាខ្លាំង នៅតាមបណ្ដាញសង្គម។
ដោយឃើញបែបនេះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គរដ្ឋបាលជលផល បានស្នើសុំឱ្យមន្ត្រីជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ជួយស្រាវជ្រាវនឹងស្វែងរកជនសង្ស័យមកផ្តន្ទាទោស ព្រោះការប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីនេសាទត្រីជាបទល្មើសព្រហ្មទណ្ឌដែលបានចែងនៅក្នុងច្បាប់ជលផល ម្យ៉ាងទៀតការប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីនេសាទត្រីមានលក្ខណៈបំផ្លាញធនធានមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ នៅព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ ២០២០ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការខេត្តកណ្ដាល ដើម្បី ចាត់វិធានការតាមផ្លូវច្បាប់៕
មតិយោបល់