ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត ១គ្រឿងទៀត បើកដោយស្រ្តីពីរនាក់ ប៉ើងវិលមួយជុំ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។
ហេតុការណ៏នេះ កើតឡើងនៅវេលា ម៉ោង១១និង២០នាទីយប់ថ្ងៃអង្គារ ទី១៦ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១៤៣ កែងនិងផ្លូវ២៧៨ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តលុចស៊ីស RX 300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-4887 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។
មកដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក លុចស៊ីស NX200t ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BF.7119 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវ២៧៨ ក្នុងល្បឿនយ៉ាងលឿន មិន គោរពស្លាកសញ្ញា ក៏ត្រូវ រថយន្តRX300បុកចំពាក់កណ្ដាលរថយន្តពេញទំហឹង ប៉ើងវិលមួយជុំ ខូចខាតមួយចំហៀងខាងស្តាំយ៉ាងដំណំ។ ចំណែករថយន្តRX300 ខូចខាតផ្នែកខាងមុខគួរសម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញចុះវាស់វែងស្ទូចរថយន្តទាំងពីរគ្រឿង ទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់