ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! រកឃើញទំនិញខូចគុណភាពចម្រុះ ត្រូវមន្ត្រីសាខាកាំកុងត្រូល ធ្វើការដកហូត

បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យនៅនៅផ្សារមោងឬស្សី ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមានដូចជា៖ បង្គា មឹក និងសណ្តែកបណ្តុះ ដើម្បីរកសារធាតុគីមី ហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាពចម្រុះចំនួនសរុប ២៥ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់