Post News Media ព័ត៌មានជាតិ បើករថយន្តឆ្លង...

បើករថយន្តឆ្លងផ្លូវមិនអង្អង់ល្បឿន ជ្រុលម៉ូតូពេញទំហឹង រួចចុះរត់គេចខ្លួនបាត់

ភ្នំពេញ: បុរសម្នាក់បើករថយន្តលុចស៊ីសRX-400hមួយគ្រឿងបោះពួយយ៉ាងលឿន ដល់ផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យម៉ូតូខូចខាត និងម្ចាស់ម៉ូតូរងបួសស្រាល។ ចំណែករថយន្តបង្ក បើករត់ទាំងបែកកង់ចំហៀងខាងឆ្វេងទាំងពីរ រាប់រយម៉ែត្រទៅមុខលេងរួច ម្ចាស់ទុករថយន្តចោល រួចគេចខ្លួនបាត់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនិងផ្លូវ១៨៦ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើកលុចស៊ីសRX-400h ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AM-5258 ធ្វើដំណើរពីលិចទៅកើតតាមបណ្តោយផ្លូវ១៨៦។ មកដល់ផ្លូវបែកជាបួនចំណុចកើតហេតុ មិនបង្អង់ល្បឿនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG-9395 ជិះដោយបុរសម្នាក់ តាមបណ្តោយផ្លូវ២៦២ ទិសដៅពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យរងរបួសស្រាល ចំណែកម៉ូតូខូចខាតយ៉ាងដំណំ និងរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើកទាំងបែកកង់ចំហៀងខាងឆ្វេងទាំងពីរ រហូតមកដល់ចំណុចមុខខារ៉ាអូខេហេង ហេង ផ្កាយមាស២ តាមបណ្តោយផ្លូវ១១២កែងនិងផ្លូវ២២៥ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ទៅមុខលេងរួច បន្ទាប់មកម្ចាស់រថយន្ត បានទុកចោលរួចគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕