ព័ត៌មានជាតិ

ផ្អើលកម្លាំងនគរបាលទាំងព្រឹក! ករណីបុរសម្នាក់ប្រើសារធាតុញៀនលើសកម្រិតដុតម៉ូតូខ្លួនឯងចោល

បាត់ដំបង: កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកដែកកេះដុតបំផ្លាញម៉ូតូខ្លួនឯងចោល បង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរតាមដងផ្លូវសាធារណ: ហេតុការណ៍នេះ កើតឡើងមុខសាលាខេត្តបាត់ដំបង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

ជនបង្កឈ្មោះ សៅ សាន ហៅ ម៉ៅ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅក្រុមទី៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (ប្រើសារធាតុញៀនលើសកម្រិត) បានធ្វើសកម្មភាពដោយយកដែកកេះដុតបំផ្លាញម៉ូតូខ្លួនឯងម៉ាក វីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ឆេះខូចខាតប្រហែល៥០%។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីជនបង្កបានឲ្យដឹងថា មូលហេតុដែលខ្លួនដុតម៉ូតូចោល ដោយសារខឹងអ្នកជិតខាងមកគោះជញ្ជាំងផ្ទះ ពេលយប់រំខានរកដេកមិនបាន ម្យ៉ាងទៀតខឹងប្រពន្ធជេរប្រមាថ ផ្អែកលើចម្លើយរបស់ប្រពន្ធជនបង្កឈ្មោះ ងួន ស៊ីណាត​ អាយុ ៣០ឆ្នាំប្រាប់ថា
ប្តីរបស់ខ្លួនជាមនុស្សប្រើសារធាតុញៀន ផឹកស្រាជាប្រចាំមិនបានជួយរកស៊ីអ្វីទេ តែងតែធ្វើបាបមកលើប្រពន្ធ និងកូនជាញឹកញាប់ ហើយមុននឹងឈានដល់ការដុតបំផ្លិចបំផ្លាញម៉ូតូ ក៏ធ្លាប់បានចាប់កូនប្រុសច្បងម្នាក់ចងទៅនឹងគល់ដូងចាក់សាំងជុំវិញ បម្រុងដុតតែ ត្រូវអ្នកភូមិជួយទាន់ពេល។

សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចបានធ្វើការអប់រំ និងឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់