ព័ត៌មានជាតិ

Update: (មានវីដេអូ) ក្រោយពីបុគ្គលិកក្រុមហ៊ុនបុរី ហាយលែន បានស្លាប់បន្តិច មនុស្សម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ បន្ទាប់​ពី​បុគ្គលិក​របស់ក្រុមហ៊ុនបុរី ​ហាយលែន បាន​ស្លាប់​រយៈពេល​ប៉ុន្មាន​ម៉ោង បុរសម្នាក់ត្រូវបាន​សមត្ថកិច្ច​ហៅយកទៅសាកសួរ​នៅអធិការដ្ឋាន​នគរបាលខណ្ឌជ្រោយចង្វា។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា បុរស​ម្នាក់ដែល​ជាម្ចាស់ស្រែ ​ត្រូវ​បាន​សមត្ថកច្ចហៅយកទៅសួរនាំ​នោះ ឈ្មោះ ស៊ឹម​ វណ្ណា​ ហៅទូច​ ភេទប្រុស​ អាយុ​ ៥២ឆ្នាំ​ មុខរបរ​ កសិករ​ មានទីលំនៅក្រុម១៤​ ភូមិក្តីចាស់​ សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។

ក្រោយទទួលបានទទួលដំណឹងនេះ​ហើយ​ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើកោសល្យវិច័យ ហើយសមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា គឺបណ្តាលមកពីការឆក់ខ្សែភ្លើងពិតប្រាកដមែន​។

បច្ចុប្បន្ន ម្ចាស់វាលស្រែខាងលើ​ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង​ បញ្ជូនទៅកាន់តុលាការ​ ចាត់ការបន្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា បុរសម្នាក់ ដែលគេស្គាល់ថា ជាបុគ្គលិករបស់ក្រុមហ៊ុនបុរី ហាយលែន ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងបរិវេណដីរបស់ក្រុមហ៊ុន ស្ថិតនៅចំណុចភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ច ឲ្យដឹងថា នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើល បន្ទាប់ពីសាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ(ស្លៀកខោលីអូ) និងមានស្លាកស្នាមនៅលើរាងកាយ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ថន ហុកសេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបុរី ហាយលែន (អ្នកបើកអេស្កាវ៉ាទ័រ) មានស្រុកកំណើតនៅភូមិប្រាសាទ ឃុំក្រាំងលៀវ ស្រុកបាទី ខេត្តតាកែវ ហើយបច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនខាងលើ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ វិន មុខរបរបុគ្គលិកក្រុមហ៊ុនជាមួយគ្នា បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ខ្លួនមិនឃើញជនរងគ្រោះងើបពីគេងដើម្បីយកប្រេងទៅចាក់ អាអ៊ិច ដូចសព្វដង ដើម្បីចាប់ផ្តើមធ្វើការដូចរាល់ថ្ងៃ។ ពេលនោះ ខ្លួនក៏ដើររកជនរងគ្រោះរហូតដល់វាលស្រែ ហើយឮសំឡេងម្ចាស់ស្រែ (មិនស្គាល់ឈ្មោះ)ស្រែកហៅខ្លួនថា “នែ!មកមើលស្អីគេនៀក”។ លុះពេលខ្លួនដើរទៅមើល ទើបដឹងថា ជាជនរងគ្រោះ ត្រូវបានឆក់ខ្សែភ្លើង ដែលគេដាក់ឆក់សត្វកណ្តុរ ស្លាប់បាត់ទៅហើយ៕

មតិយោបល់