ព័ត៌មានជាតិ

Update៖ ឈប់រថយន្តមិនពន្លត់ម៉ាស៊ីនចុះទៅយកអីវ៉ាន់ ត្រូវជនឆ្លៀតឱកាស លួចបើករថយន្តពីខណ្ឌ៧មករា មកទុកចោលក្នុងផ្ទះចាស់ ជាប់ស្ពាន៥មករាខណ្ឌទួលគោក រួចគេចខ្លួនបាត់

ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តRAV4មួយគ្រឿង ទៅយកអីវ៉ាន់នៅក្បែរវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ខណៈចុះពីលើរថយន្តមិនបានពន្លត់ម៉ាស៊ីន ស្រាប់តែមានជនសង្ស័យម្នាក់ លួចបើករថយន្តរបស់គាត់ចេញទៅបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ។

បុរសរងគ្រោះខាងលើមានឈ្មោះ ជៀប ចាន្ថា អាយុ៤៤ឆ្នាំ មុខរបបអ្នកបើករថយន្ត ស្នាក់នៅម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមសម្ដីបុរសរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា រូបគាត់បានបើករថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AP-7017 ទៅយកអីវ៉ាន់នៅក្បែរវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ខណៈនោះ រូបគាត់ក៏បានចុះពីលើរថយន្តទាំងមិនបានពន្លត់ម៉ាស៊ីន ព្រោះគិតថានៅមិនយូរទេ គ្រានោះក៏មានជនសង្ស័យបានឡើងរថយន្តរបស់គាត់ បើកចេញទៅបាត់ ធ្វើឲ្យរូបគាត់ភ័យ និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទើបរូបគាត់ជាជនរងគ្រោះទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗ ។

ដោយសារតែរថយន្តរបស់គាត់មានភ្ជាប់ប្រព័ន្ធ GPS ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ ឈានដល់ចំណុចគល់ស្ពានអាកាស៥មករា ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ក៏រកឃើញរថយន្តផ្លុងចោលក្នុងផ្ទះចាស់ ដែលគេទុកចោល តែជនសង្ស័យបានគេចខ្លួនបាត់ស្រមោលទៅហើយ។

ក្រោយមក សមត្ថកិច្ចជំនាញបានយករថយន្ត និងម្ចាស់ ទៅធ្វើឯកសារនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីប្រគល់រថយន្តឲ្យទៅម្ចាស់វិញ ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ ឈានទៅដល់កំណត់មុខសញ្ញាចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់