ភ្នំពេញៈ យុវជនម្នាក់ត្រូវបានជនមិនស្គាល់មុខបានមកភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចគល់អង់តែនទួលគោក ផ្លូវលេខ៧០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ ប្រាក់ រ៉ាឌីន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ និងប្អូនប្រុសម្នាក់ទៀតមានឈ្មោះ ប្រាក់ ដាវី អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិចុងថ្នល់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកឯម្នាក់ទៀតដែលត្រូវចោរភ្ជង់ប្លន់យកម៉ូតូនោះឈ្មោះ ឃឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ពុំបានស្គាល់ទីលំនោះទេ។
ប្រភពពីជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ រូបគេទាំង ២នាក់បងប្អូន បាននាំគ្នាទៅមើលកម្មវិធីកីឡាប្រដាល់នៅឯស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ នៅពេលដែលមើលកម្មវិធីប្រដាល់ចប់ហើយ រូបគេទាំង ២នាក់បងប្អូន ក៏បានត្រឡប់មកញុាំអីនៅម្តុំក្តាន់ពីរ នៅពេលដែលកំពុងញុាំអី ស្រាប់តែបានស្គាល់គ្នាជាមួយឈ្មោះ ផល្លី ហៅឃ្លាំង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យរូបគេជួយជូនទៅផ្ទះ ស្រាប់តែពេលនោះ ជនរងគ្រោះឈ្មោះ ប្រាក់ រ៉ាឌីន កំពុងតែងជាប់ញុាំអី ក៏បានឲ្យប្អូនប្រុសរបស់គេឈ្មោះ ប្រាក់ ដាវី ជួយជូនឈ្មោះ ផល្លី ទៅផ្ទះ។ ក្រោយពីបានជូនឈ្មោះ ផល្លី ទៅដល់ផ្ទះហើយ ក៏រូបគេបានប្រាប់មកឈ្មោះ ដាវី វិញថា ឲ្យនៅអង្គុយចាំនៅផ្ទះគេតិចទៅ គេទៅរកស្រី ដោយបានឲ្យឈ្មោះ ឃឿន ជួយដឹករូបគេនៅម្តុំអង់តែន ដើម្បីរកស្រី ខណៈដែលទៅដល់ទីនោះឈ្មោះ ផល្លី ហៅឃ្លាំង បានធ្វើសកម្មភាព ដោយដកកាំបិតមកភ្ជង់ប្លន់ ហើយបានវាយមួយដៃ យកម៉ូតូ មួយគ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-0278 ក្រោយមកបានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ពេលនោះឈ្មោះ ឃឿន បានខលទូរស័ព្ទទៅឈ្មោះ ប្រាក់ ដាវីវិញ ដោយប្រាប់ថា ឈ្មោះ ផល្លី ហៅឃ្លាំង បានភ្ជង់រូបគេយកម៉ូតូទៅបាត់ហើយ។
គួរបញ្ជាក់ផងដែរថា នៅក្នុងទឹកដីខណ្ឌឫស្សីកែវ សំបូរទៅដោយករណីប្លន់ប្រដាប់អាវុធជាច្រើនដង តែមិនដែលឃើញសមត្ថកិច្ចណាម្នាក់បង្ក្រាបបាននៅឡើយទេ ដោយទុកឲ្យក្រុមចោរទាំងនោះ ចេញធ្វើសកម្មភាព ដោយមិនខ្លាចសមត្ថកិច្ចនោះឡើយ។
ប្រជាពលរដ្ឋដែលរស់នៅជិតនោះ មានការព្រួយបារម្ភអំពីសុវត្ថិភាព ដោយសារតែមានករណីប្លន់ប្រដាប់ជារៀងរាល់យប់ មិនថាតែពេលថ្ងៃនោះទេ។ លុះព្រឹកឡើង ជនរងគ្រោះបានត្រឹមមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ តែប៉ុណ្ណោះ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕




មតិយោបល់