ព័ត៌មានជាតិ

សិស្សសាលា២នាក់ជិះម៉ូតូបុករថយន្ត បណ្ដាលឲ្យដួលត្រូវរថយន្ត Highlander មកបុកបន្ថែមស្លាប់យ៉ាងអាណោចអធ័ម

បន្ទាយមានជ័យ: កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ សិស្សសាលាពីរនាក់ ម្នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យស្លាប់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅមុខសាលាសមាគមន៍ចិន តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះទី១មានឈ្មោះ វិមាន សង្ហា ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកបើកបរស្លាប់ ចំណែកទី២មានឈ្មោះ សួស ចាន់រ៉ូ ភេទប្រុស អាយុ ១៦ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ អ្នកទាំងពីរ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ដំណើររឿង៖ មុនកើតហេតុជនរងគ្រោះ ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ អត់ស្លាក់លេខ ពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុករថយន្តម៉ាក 4VANZA ពណ៌ខ្មៅ ចង្កូតស្ដាំ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6104 ខូចខាតផ្នែកចង្កេះខាងឆ្វេងលើកង់ក្រោយ បណ្ដាលឲ្យម៉ូតូដួលហើយរថយន្ត Highlander មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ចង្កូតស្ដាំ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0996 ខណ:ដែលរថយន្តកំពុងបើកជែងមកខាងឆ្វេង បណ្ដាលឲ្យបុកបន្ថែមស្លាប់នៅកន្លែង និងរងរបួសតែម្ដង។ រួចរថយន្ត Highlander បានបើករត់គេចខ្លួនបាត់ បន្សល់បំណែកកាងខាងមុខនៅកន្លែង ត្រូវបានសមត្ថកិច្ចកំពុងស្វែងរក រីឯម៉ូតូ និងរថយន្តម៉ាក 4VANZA ត្រូវសមត្ថកិច្ចយកទៅអធិការរដ្ឋានរង់ចាំ ការដោះស្រាយនៅពេលក្រោយ។ ចំណែកសពត្រូវបានប្រគល់ឲ្យម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់