ព័ត៌មានជាតិ

Update៖ រថយន្តកូរ៉េដាច់ចង្កូតរេឡើងខឿន ធ្លាក់ចុះមកវិញ រថយន្តដឹកអុសបុកពីក្រោយ ស្លាប់២នាក់ របួស ៦នាក់

ភ្នំពេញៈ មនុស្ស២នាក់ស្លាប់ភ្លាមៗនៅកន្លែង ម្នាក់កប់ក្រោមរថយន្ត ម្នាក់កៀបជាប់ក្នុងកាប៊ីន និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ដ៏រន្ធត់មួយកើតឡើង ដោយរថយន្តកូរ៉េ ជិះដោយ៣នាក់ប្តីប្រពន្ធនិងកូន ខណៈដែលកំពុងបើកបរ ស្រាប់តែដាច់ម៉ែត្រចង្កូត រេទៅឡើងខឿនទ្រូងផ្លូវ ប្រមាណ១០ម៉ែត្រ ចុះមកវិញ រេចង្កូតមកស្តាំ ត្រូវបានរថយន្ត FUSO ដឹកអុសមួយគ្រឿងផ្សេងទៀត បើកល្បឿនលឿន ស្របទិសជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពីក្រោយ រថយន្តទី១ ហើយបន្តទៅបុកផ្ទប់ដើមឈើ បណ្តាលឲ្យដាច់សាក់ស៊ី ជាពីកំណាត់ ស្លាប់អ្នកបើកបរ កប់កៀបពីក្រោមរថយន្ត ប្រពន្ធនិងកូនរងរបួសធ្ងន់ រីឯរថយន្តដឹកអុស ស្លាប់ព្រូរថយន្ត អ្នកបើកបរ គ្មានរបួស រត់គេចខ្លួនបាត់ និងមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ មុខច្រកចូលស្ថានីយ៍ទូរទស្សន៍ PNN ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ពណ៌ខៀវ ជិះគ្នា៣នាក់ ប្តីប្រពន្ធនិងកូនតូចអាយុ៣ឆ្នាំ បើកបរដោយឈ្មោះ ធី អាយុ៣៥ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ ហ៊ាន ស្រីនាង អាយុ២៨ឆ្នាំ ប្រុសតូចអាយុ៣ឆ្នាំ មានទីលំនៅ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។
រថយន្តខាងលើ បានធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ មានបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូត ទើបរេឡើងខឿនទ្រូងផ្លូវ ប្រមាណជា១០ម៉ែត្រ ទើបធ្លាក់ចុះមកវិញ រេទៅខាងស្តាំ ត្រូវបានរថយន្តម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ 3A-1110 ដឹកអុស ជិះគ្នា៨នាក់ បើកស្របទិស លឿនជ្រុលទៅបុកពីក្រោយ រថយន្តកូរ៉េ បណ្តាលឲ្យរថយន្តកូរ៉េ ដាច់ជា២កំណាត់ ធ្លាក់ដាច់ជ្រុះកាប៊ីន ស្លាប់ប្តី កប់ក្រោមរថយន្ត ប្រពន្ធនិងកូនរងរបួសធ្ងន់ ចំណែកភាគី រថយន្តFUSO បន្តទៅបុកផ្ទប់ដើមឈើ ស្លាប់ម្នាក់ ជាព្រូរថយន្ត អ្នកបើកបររត់គេចខ្លួនបាត់ និង៦នាក់ជិះខាងលើ រងរបួសធ្ងន់ស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះ រងរបួសធ្ងន់ស្រាលសរុប៨នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ជនរងគ្រោះដែលស្លាប់នៅកន្លែង កៀបជាប់ នៅក្រោមរថយន្ត និងក្នុងរថយន្ត ត្រូវបានសមត្ថកិច្ច ប្រើគ្រប់មធ្យោបាយ គាស់យកសាកសពចេញ៕

មតិយោបល់