ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក បើករថយន្តទៅបុកគូទរថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ស្តុប រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ ស្រវឹងជោកជាំ បើករថយន្តហាយឡែនឌ័រមួយគ្រឿង បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកគូទរថយន្តព្រូស របស់ជនជាតិចិនមួយគ្រឿងទៀត ដែលកំពុងឈប់ស្តុក បណ្ដាលឱ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបជិតកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AI-1327 បើកបរដោយបុរសនារីជាជនជាតិចិនចំនួន២នាក់ តាមបណ្ដោយផ្លូវ២៨៩ក្នុងទិសដៅពីត្បូងទៅជើង។

លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏ឈប់ស្តុបរង់ចាំភ្លើងអត្តភាព ខណ:នោះស្រាប់តែមានរថយន្តម៉ាកហាទ្បែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2X-2263 បើកបរដោយបុរសជាជនជាតិខ្មែរម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ មកតាមពីក្រោយយ៉ាងលឿនដូចហោះ មកបុកគូទរថយន្តព្រូសខាងលើចំពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទាតទៅមុខប្រមាណ១០ម៉ែត្រ រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។ ចំណែកឯរថយន្តបង្ក បានរងការខូចខាតក្រពឹត និងធ្លាក់កាងផ្នែកខាងមុខ តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយដោយភាគីទាំងពីរ មិនអាចធ្វើការសម្របសម្រួលគ្នាបាន ទើបសមត្ថកិច្ចមូលដ្ឋាន ធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់