ព័ត៌មានជាតិ

បុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្ត Tundra ស្លាកលេខភ្នំពេញ 2AV-2200 បុករះចូលផ្ទះប្រជាពលរដ្ឋមានមនុស្សរងរបួសធ្ងន់ ៣នាក់ សមត្ថកិច្ច ចង់លាក់បាំងព័ត៌មាន

បន្ទាយមានជ័យ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណី គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿង ម៉ាក Tundra ពណ៌ស ស្លាកលេខ ភ្នំពេញ 2AV-2200 បានបុករះចូលផ្ទះប្រជាពលរដ្ឋនៅផ្សារអគ្គ ស្ថិតក្នុងសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កើតហេតុវេលាម៉ោង ៤ និង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ ដោយករណីនេះ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ០៣ នាក់ ត្រូវបានបញ្ជូលទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ រួចធ្វើការវាស់វែង និងយកវត្ថុតាងរថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។

សូមបញ្ជាក់ករណីនេះ សារព័ត៌មាន Post News បានទាក់ទងទៅលោកមេប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត ចង់បានព័ត៌មានលម្អិត ប៉ុន្តែលោកបានឆ្លើយមកវិញថា ឲ្យសួរទៅខាងចរាចរណ៍ ពេលនោះភ្នាក់ងារយើង បានបន្តទាក់ទងទៅអធិការរងចរាចរណ៍ម្នាក់ទៀត ទូរស័ព្ទចូលតែមិនមានអ្នកលើក រួចទាក់ទងលេខប្រចាំបញ្ជាអធិការក្រុងប៉ោយប៉ែតទៀត តែលេខទូរស័ព្ទបិទ ចំណែកលោកស្នងការរងខេត្តបន្ទាយមានជ័យ ទទួលផែនចរាចរណ៍ ទូរស័ព្ទក៏បិទទៀត។

ជាពិសេសលេខប្រចាំបញ្ជាអធិការក្រុងប៉ោយប៉ែត ០៩៧ ៧៧៨ ០១៦៤ តេមិនចូល តើពេលប្រជាពលរដ្ឋមានបញ្ហាឲ្យធ្វើយ៉ាងម៉េច ពលរដ្ឋសំណូមពរតាមរយ:សារព័ត៌មាន Post News ឲ្យលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោកផង តាមអធិការដ្ឋាននីមួយៗ គួរបើកលេខប្រចាំបញ្ជា ២៤ម៉ោង លើ២៤ម៉ោង ក្រែងមានបញ្ហាក្នុងមូលដ្ឋាន ងាយស្រួលដល់ពលរដ្ឋ ផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ហើយមួយទៀត ជួយណែនាំមន្ត្រីរបស់លោក ឲ្យចេះនាំពាក្យដល់អ្នកកាសែតផង ដើម្បីងាយស្រួលទទួលបានព័ត៌មានពិត៕

មតិយោបល់