ព័ត៌មានជាតិ

មុខសញ្ញាប្លន់ម៉ូតូនៅខណ្ឌពោធិ៍សែនជ័យចំនួន ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដែលសង្ស័យពាក់ព័ន្ធករណីធាក់ផ្ដួល យកម៉ូតូមួយគ្រឿង នៅចំណុចខាងរដ្ឋានផ្លូវបេតុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣និង៤៥នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យខាងលើ៖ ទី១ មានឈ្មោះ នូវណ្ណហេង ភេទប្រុសអាយុ ២២ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ទី២ មានឈ្មោះ ថា ចំណាន ថាវណ្ណ: ភេទប្រុសអាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទី៣ មានឈ្មោះ ឈុំ ចាន់នី ភេទប្រុស អាយុ ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទី៤ ឈ្មោះ ណេត លីហ្សាភេទប្រុស អាយុ ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី៥ឈ្មោះ ឌី សុភក្ត្រ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

វត្ថតាងដកហូតបាន៖ ម៉ូតូចំនួន២ គ្រឿង ទី១ ម៉ូតូម៉ាកហុងដាវ៉េវអ៊ី សេ110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD 8809 និងទី២ម៉ាកហុងដាឌ្រីម សង់សេ125 ពណ៌ខ្មៅបិទតែមទឹកមាស ស៊េរី ២០១៥ ឡើងស៊េរី ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-7356។

ជនរងគ្រោះមានឈ្មោះ ទិះ វិទូ ភេទប្រុសអាយុ៣០ ឆ្នាំមុខរបរ ចុងភៅនៅណាហ្គាវើល មានទីលំនៅភូមិកោះរងៀងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ កំណត់ហេតុពាក្យបណ្ដឹងចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៩ ។

សម្ភារ:បាត់បង់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ125 ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GV-3035 មានលេខតួ និងលេខម៉ាស៊ីនលេខ ៥១៧៧០ ២១។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ដើម្បីនាំមកកាន់ផ្នែកព្រហ្មទណ្ឌ ធ្វើការសាកសួរ និងចាក់ការតាមច្បាប់៕

មតិយោបល់