ព័ត៌មានជាតិ

រថយន្តជនជាតិចិន បើកកៀររថយន្តសាលាក្រុង កំពុងឈប់ចំណតបែកស្តុប បែរទាមទារឲ្យសងទៅវិញ

ភ្នំពេញៈ រថយន្តមួយគ្រឿង បើកបរដោយបុរសជនជាតិចិន បានបើកកៀររថយន្តសាលាក្រុងស្វយ័តភ្នំពេញ កំពុងឈប់ចំណតដាក់អ្នកដំណើរ បណ្តាលឲ្យរថយន្តសាលាក្រុង បែកស្តុបខាងឆ្វេង និងក្រពឹត រីឯរថយន្តជនជាតិចិន ស្កូតស្នាមបន្តិចបន្តួច តែអ្វីមិននឹកស្មានដល់ បែរជាជនជាតិចិនរូបនេះ ចុះមកឆ្ការដៃជើង បើតាមអ្វីដែលអ្នកចេះភាសារចិន និយាយប្រាប់នោះ គឺជនជាតិចិន ចង់ឲ្យភាគីរថយន្តសាលាក្រុង សងទៅវិញ បង្កឲ្យភ្ញាក់ផ្អើល កកស្ទះចរាចរណ៍ លើកំណាត់ផ្លូវ សហព័ន្ធរុស្សី មុខសាលារៀនពោធិចិនតុង ត្រង់ចំណុចចំណតរថយន្តក្រុង ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ។

តាមប្រភពនៅកន្លែង ប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តសាលាក្រុង រដ្ឋាករស្វយ័តភ្នំពេញ ពណ៌ខៀវ ពាក់ស្លាកលេខ រដ្ឋ38 3-0233 បើកពីលិចទៅកើត ហើយកំពុងចតស្ងៀម ដាក់អ្នកដំណើរ ចុះនិងឡើង ត្រង់ចំណត ដែលបានកំណត់ស្រាប់ ស្របពេលនោះ ស្រាប់តែមានរថយន្ត មួយគ្រឿង ប្រភេទទេសចរណ៍ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-8266 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរពីលិចទៅកើត ស្របទិសគ្នា មកកៀររថយន្តក្រុង ដែលកំពុងចតឈប់ចំណតនោះ បណ្តាលឲ្យរថយន្តសាលាក្រុងបែកស្តុបម្ខាង ជនជាតិចិនចុះមក ទាមទារឲ្យខាងរថយន្តក្រុង សងទៅវិញ ។

ហេតុការណ៍ខាងលើ បើតាមស្ត្រីម្នាក់ ចេះភាសារចិន បានប្រាប់ឲ្យដឹងថា បុរសជនជាតិចិនរូបនោះ ទាមទារឲ្យរថយន្តសាលាក្រុងសង ក្នុងហេតុផល មកពីរថយន្តក្រុងបើកឈប់ បើកុំឈប់ ក៏គ្មានរឿងនេះដែរ ។ ភាសាររប់ជនជាតិចិន ទោះជាបែបនេះក្ដី ត្រូវបានប្រាប់តបតទៅវិញ រថយន្តសាលាក្រុង តម្រូវឲ្យឈប់ត្រង់ចំណត ដែលបានកំណត់ត្រឹមត្រូវ ពីសាលារាជធានីភ្នំពេញ មិនមែនចេះតែឈប់តាមផ្លូវ គ្មានគោលដៅកំណត់នោះទេ នៅតែជនជាតិចិន មិនយល់ រហូតដល់នគរបាលមូលដ្ឋានចុះទៅប្រាប់ ដោយសារហេតុផលរថយន្តសាលាក្រុងដឹកអ្នកដំណើរ អស់រយៈពេលជិត១ម៉ោង កកស្ទះចរាចរណ៍ ផងដែរនោះ ទីបំផុត ទើបជនជាតិចិនសុខចិត្ត ចេញសងថ្លៃខូចខាត លើរថយន្តសាលាក្រុងដើម្បីបញ្ចប់រឿង៕

មតិយោបល់