ព័ត៌មានជាតិ

ត្រៀមខ្លួនទុកឲ្យហើយ! អ្នកជិះម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព ទាំងពេលយប់ និងពេលថ្ងៃ បើមិនអនុវត្តតាមទេ សមត្ថកិច្ចឃាត់ទុកមិនឲ្យបន្តដំណើរទៀតទ្បើយ

ភ្នំពេញៈ នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរងអធិការខណ្ឌទាំង១៤ រួមទាំងការិយាល័យដែលពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងណែនាំទាក់ទងទៅនិង២ករណីផ្សេងគ្នាដូចខាងក្រោម៖

១. អ្នកបើក និងអ្នកជិះម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាពជាប្រចាំ ទាំងពេលយប់ និងពេលថ្ងៃ បើមិនពាក់មួកសុវត្ថិភាពទេ នឹងឃាត់ទុកមិនឲ្យបន្តដំណើរទៅមុខទៀតឡើយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ប៉ុន្តែរយៈពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ គឺមិនមានការផាកពិន័យឡើយ

២. ចាប់ពីថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ តទៅ កម្លាំងចម្រុះរបស់ការិយាល័យចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងតាមបណ្តាខណ្ឌនានា និងធ្វើការត្រួតពិនិត្យជាប្រចាំនៅគ្រប់ផ្លូវចេញចូលក្រុង ទៅលើអ្នកបើកបរ និងព្រូរថយន្តធំ ដើម្បីត្រួតពិនិត្យរកសារធាតុញៀន និងជាតិស្រវឹង បើរកឃើញកម្លាំង និងធ្វើការឃាត់រថយន្តទុក និងនាំខ្លួនអ្នកបើកបរ និងព្រូ យកទៅមជ្ឈមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា
ចំពោះក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាសមាគមន៍អ្នកដឹកជញ្ជូនទាំងអស់ ចូលរួមសហការ ជាមួយសមត្ថកិច្ច ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយមានប្រសិទ្ធភាពខ្ពស់៕

មតិយោបល់