ព័ត៌មានជាតិ

លោក ស ថេត៖ កម្លាំងនគរបាល នឹងត្រួតពិនិត្យរកសារធាតុញៀន ជាតិស្រវឹង ទៅលើអ្នកបើកបររថយន្តធុនធ្ងន់ និងព្រូរថយន្ត បើរកឃើញ នឹងបញ្ជូនទៅមណ្ឌលអប់រំកែប្រែ

ភ្នំពេញៈ ក្នុងពេលគោរពទង់ជាតិ នាព្រឹកថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា កងកម្លាំងនគរបាល រាជធានីភ្នំពេញ បានឯកភាពគ្នាច្រើនទៅលើការស្លៀកពាក់ ក៏ដូចជាការកាត់សក់ខ្លី ឲ្យសាកសម ជាកម្លាំងនគរបាល។

លោកក៏បានប្រាប់ ដល់កម្លាំងនគរបាល រាជធានីភ្នំពេញទាំងអស់ដែរ ថា ចាប់ពីថ្ងៃនេះតទៅ យើងនឹងចាប់ផ្ដើមយុទ្ធនាការ រឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសទៅលើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព ព្រោះករណីស្លាប់ ដោយសារការមិនពាក់មួក សុវត្ថិភាពមានចំនួនរហូត ដល់ទៅជាង៨០ភាគរយ។

-កម្លាំងនគរបាល នឹងឃាត់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព រហូតទាល់តែមានមួកពាក់ ទើបឲ្យបន្តដំណើរទៅមុខទៀត។

-កម្លាំងនគរបាល រាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើជាគម្រូល្អដល់ប្រជាពលរដ្ឋ ពោលគឺត្រូវបើកបរគោរពច្បាប់ចរាចរណ៍ ពិសេសត្រូវពាក់មួកសុវត្ថិភាព នៅពេលបើកបរម៉ូតូជានិច្ច។

-ចាប់ពីថ្ងៃនេះតទៅដែរ កម្លាំងនគរបាលរបស់យើង ក៏នឹងចាប់ផ្ដើមត្រួតពិនិត្យ រកសារធាតុញៀន និងជាតិស្រវឹង ទៅលើអ្នកបើកបររថយន្តធុនធ្ងន់ និងព្រូរថយន្តផងដែរ ហើយប្រសិនបើរកឃើញ នឹងត្រូវបញ្ជូនទៅមណ្ឌលអប់រំ កែប្រែ៕

មតិយោបល់