ព័ត៌មានជាតិ

រកឃើញ ទឹកក្រូច ទឹកស៊ីអ៊ីវ ត្រីខ ចាហួយតុក្កតា ស្ពៃកំប៉ុង ទឹកដោះគោខាប់ …ខូចគុណភាព ហួសកាលបរិច្ឆេទ

ព្រះវិហារ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកក្រូច ចំនួន ១១ ដប ស្មើនឹង ៥,៥ លីត្រ
-ទឹកស៊ីអ៊ីវ ចំនួន ០១ ដប ស្មើនឹង ០,៥ លីត្រ
-ចាហួយតុក្កតា ចំនួន ០៥ កែវ ស្មើនឹង ៥,៤២៥ គីឡូក្រាម
-នំចម្រុះ ចំនួន ៣២ ថង់ ស្មើនឹង ២២,៥ គីឡូក្រាម
-ត្រីខ ចំនួន ០២ កំប៉ុង ស្មើនឹង ០,៣១ គីឡូក្រាម
-ស្ករគ្រាប់ ចំនួន ០៦ ប្រអប់ ស្មើនឹង ២,៤ គីឡូក្រាម
-ដំណាប់ដូង ចំនួន ៤០ ថង់ ស្មើនឹង ២៨ គីឡូក្រាម
-ទឹកដោះគោខាប់ ចំនួន ០២ កំប៉ុង ស្មើនឹង ០,៧៨ គីឡូក្រាម
-ស្ពៃកំប៉ុង ចំនួន ០២ កំប៉ុង ស្មើនឹង ០,៦៨ គីឡូក្រាម។
សរុបប្រមាណ ៦០,០៩៥ គីឡូក្រាម។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដុតកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់