ព័ត៌មានជាតិ

សង្វេគណាស់! ហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូ១គ្រឿង បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ៤នាក់

តាកែវ: នៅវេលាម៉ោង០៧ និង ៣០ នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវខេត្តក្រាលកៅស៊ូផ្លូវលេខ១២៨ ចន្លោះគីឡូម៉ែត្រ១៨-១៩ ក្នុងភូមិ ច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា។

រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ៣តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ ក៧១១៤-ភព៣ ធ្វើដំណើរពីកើតទៅលិច។ អ្នកបើកបរមិនស្គាល់អត្ត សញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។ ម៉ូតូម៉ាកហុងដា C១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1E-6399 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ប៊ូ ឃន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិតាពៅ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរកសិករ (របួសធ្ងន់)។

ដោយទ្បែកអ្នករួមដំណើរចំនួន៣នាក់៖
១-ឈ្មោះ ពម ម៉ា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកសិក មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ បានស្លាប់នៅកន្លែងកើតហេតុ ។
២-ឈ្មោះ ចេវ សុគន្ធ ភេទ ប្រុស អាយុ០៧ឆ្នាំ មុខរបរសិស្ស មិនពាក់មួកសុវត្ថិភាព របួសធ្ងន់ ។
៣-ឈ្មោះ ចេវ សុភា ភេទប្រុស អាយុ០៦ ឆ្នាំ មុខរបរសិស្ស មិនពាក់មួកសុវត្ថិភាព របួសធ្ងន់ ជនរងគ្រោះខាងលើ ត្រូវជាកូននិងចៅ អ្នកបើកបរម៉ូតូរស់នៅភូមិ-ឃុំជាមួយគ្នា ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យស្រុកគិរីវង់។

មូលហេតុ៖ អ្នកបើកបររថយន្ត មិនគោរពសិទ្ធអាទិភាព។

ក្រោយកើតហេតុវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់