ព័ត៌មានជាតិ

ស្ត្រីវ័យក្មេងជាមន្ត្រីសុរិយោដីខេត្តប៉ៃលិនម្នាក់ពូកែទ្រឹស្តីសម្តីផ្អែមបោកលុយគេបានរាប់ម៉ឺនដុល្លារ បែជាមិនទទួល

ប៉ៃលិន: កម្លាំងនគរបាលស្នងការខេត្តប៉ៃលិនបានឲ្យដឹងថាស្ត្រីជាមន្ត្រីសុរិយោដីខេត្តប៉ៃលិនម្នាក់ពូកែខាងទ្រឹស្តីសម្តីផ្អែមធ្វើឲ្យគេជឿទុកចិត្តរហូតដល់ម្ចាស់ព្រមប្រគល់លុយរាប់ម៉ឺនដុល្លារយកទៅទិញដីរត់ការប្លង់ស្រាប់តែបែជាហ៊ានទៅទិញដីដាក់ឈ្មោះខ្លួនឯងនិងយកលុយនោះទៅសាងសង់ផ្ទះសំណាក់ផ្ទាល់ខ្លួនទៅវិញពិតមិនធម្មតាទេ។

បន្ទាប់ពីម្ចាស់ប្រាក់បានប្តឹងពាក់ព័ន្ធនឹងករណីឆបោកនេះនគរបាលក៏បានបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីដោះស្រាយតាមនីតិវិធី។
ទោះជាយ៉ាងណាក្តីស្ត្រីពូកែប្រើល្បិចខាងលើមិនព្រមសារភាពនិងទទួលសងលុយគេវិញនោះទេទើបនៅរសៀលថ្ងៃទី២៣ ខែកក្កដា ដដែលនេះម្ចាស់លុយរកមេធាវីដើម្បីធ្វើការដោះស្រាយបន្តនៅក្នុងតុលាការខេត្តប៉ៃលិន។
ស្ត្រីជំនាញបោសប្រាសខាងលើមានឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ជាមន្ត្រីសុរិយោដីរស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ធ្លាប់ជាប់ពន្ធនាគារម្តងរួចទៅហើយកាលពីប៉ុន្មានឆ្នាំមុនពាក់ព័ន្ធនឹងករណីដីជម្លោះដីធ្លី។
ចំណែកឯជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយត្រូវគេបោកលុយអស់ជាង២០ម៉ឺនដុល្លារខណ:ជនរងគ្រោះបានពឹងពាក់ឲ្យស្ត្រីខាងលើយកលុយទៅរកទិញដីតម្លៃជាង៣០ម៉ឺនដុល្លារលុះម្ចាស់ប្រាក់ទើបតែប្រគល់ឲ្យជាង២០ម៉ឺនដុល្លារដើម្បីយកទៅកក់ថ្លៃដីនិងរត់ការប្លង់ស្រាប់តែស្ត្រីខាងលើមិនដាក់ឈ្មោះម្ចាស់ប្រាក់នោះទេដោយដាក់ឈ្មោះខ្លួនឯងជំនួសហើយតែងតែនិយាយកុហក់ម្ចាស់ប្រាក់និងម្ចាស់ដីដោយបង្វែរមិនឲ្យពួកគេជួបគ្នាអស់រយ:ពេលជាច្រើនខែហើយគេចមុខថែមទៀតលុះម្ចាស់ប្រាក់សង្ស័យក៏តាមរហូតដល់ជួបម្ចាស់ដីទើបដឹងរឿងពិតប្រាកដថាស្ត្រីជាមន្ត្រីសុរិយោដីខាងលើជាជនឆបោកអស់រាប់ម៉ឺនដុល្លារ។
តាមប្រភពបានឲ្យដឹងទៀតថាស្ត្រីជំនាញឆបោករូបនេះមិនត្រឹមតែបោកប្រាក់ស្ត្រីម្នាក់ខាងលើប៉ុណ្ណោះទេគឺបោកអ្នកដទៃជាច្រើនទៀតហើយក៏មានពាក្យបណ្តឹងបន្តបន្ទាប់រហូតមកផងដែរ។
ស្ត្រីម្ចាស់ប្រាក់បានរៀបរាប់ឲ្យដឹងថាប្រាក់ដែលគាត់ប្រគល់ឲ្យជនសង្ស័យយកទៅទិញដីនោះមិនបានដីជាកម្មសិទ្ធិរបស់ខ្លួននោះទេគឺស្ត្រីជនសង្ស័យខាងលើបានដាក់ឈ្មោះរបស់គេទាំងអស់ រួចថែមទាំងយកទៅសាងសង់ផ្ទះសំណាក់មួយដែលមានយីហោ កូឡាបប៉ៃលិន ដែលស្ថិតនៅក្បែរស្ពានថ្មជាប់នឹងផ្លូវជាតិលេខ៥៧ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយសាងសង់រួចរាល់អស់ហើយថែមទាំងជិតដំណើរការបើកសម្ពោធដាក់ឱ្យភ្ញៀវស្នាក់នៅថែមទៀតផង។
រឿងរ៉ាវនេះម្ចាស់ប្រាក់មិនសុខចិត្តឡើយគឺនៅតែប្តឹងទាមទារយកលុយរបស់ខ្លួនទាំងអស់មកវិញហើយនិងឲ្យតុលាការចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់