ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើនត្រូវបានរកឃើញ និងធ្វើការដកហូត នៅផ្សារប៉ាហ៊ី ខេត្តប៉ៃលិន

ប៉ៃលិន: យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលទំនិញវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅផ្សារប៉ាហ៊ី និងតំបន់ជុំវិញផ្សារ ស្ថិតនៅភូមិផ្សារប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្នុងគោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ ។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន រួមមាន៖
-នំស្រួយក្មេង ចំនួន ២០ កញ្ចប់ធំ ស្មើនឹង ១,២៤ គីឡូក្រាម
-ប្រហិត ២ គីឡូក្រាម
-ទឹកក្រូចដបជ័រ ១៦ ដប ស្មើនឹង ២០ គីឡូក្រាម
-ស៊ុបដុំខ្នរ 18 ដុំ ស្មើនឹង ២,៤ គីឡូក្រាម
-មីកំប៉ុង ១០ កំប៉ុង ស្មើនឹង ១ គីឡូក្រាម
-ទឹកម្ទេសដប ៥ ដប ស្មើនឹង ៣ គីឡូក្រាម
-ថ្នាំដុសធេញ ១២ ប្រអប់ ស្មើនឹង ០.៦០ គីឡូក្រាម
-ចាហ៊ួយ ៣ កញ្ចប់ធំ ស្មើនឹង ២.៤ គីឡូក្រាម
សរុបចំនួន ៨៦ កញ្ចប់ ស្មើរនឹង ២៨.៦៤ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញទាំងនោះ យកមករក្សាទុកនៅស្នាក់ការ ដើម្បីចាត់ចែងតាមនីតិវិធី។

ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់