ភ្នំពេញៈ នៅវេលាម៉ោង០៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យមួយក្រុម មានគ្នា០៣នាក់ បានជិះម៉ូតូធ្វើសកម្មភាព ដកកាំបិតមកភ្ជង់ប្លន់យុវជនចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា យកលុយ និងទូរស័ព្ទដៃបានសម្រេច ជិះគេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្ដោយផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីខាងលើនេះ តាមការនិយាយរៀបរាប់របស់ជនរងគ្រោះ បានប្រាប់ក្រុមការងារសារព័ត៌មាន Post News យើងខ្ញុំឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបនារីម្នាក់ ធ្វើដំណើរចេញពីផ្ទះមិត្តភក្តិ ។ លុះពេលធ្វើដំណើរមកដល់ ត្រង់ចំណុចកើតហេតុ ផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ស្រាប់តែលេចមុខក្រុមជនសង្ស័យខាងលើ មានគ្នាចំនួន០៣នាក់ ជិះម៉ូតូទិសដៅបញ្ច្រាសគ្នា មកដល់ក៏ធ្វើសកម្មភាព ទះម៉ូតូនិងដកកាំបិតចុងស្រួច ភ្ជង់ប្លន់យកទូរស័ព្ទដៃ ចំនួនពីរគ្រឿង និងប្រាក់ចំនួនពីររយដុល្លារ បានសម្រេច ធ្វើឲ្យជនរងគ្រោះទាំងពីរនាក់ មានការភ័យខ្លាចយ៉ាងខ្លាំង ។ បន្ទាប់ពីធ្វើសកម្មភាពរួច ពួកវាក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុ ដើម្បីគេចខ្លួន បាត់ស្រមោលអស់ ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ខាងលើ បានធ្វើដំណើរមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញ លោកជួយអន្តរាគមន៍ ស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់