ព័ត៌មានជាតិ

ទាស់ពាក្យសម្ដីមួយប្រាវ ឈានដល់ហិង្សា ប្អូនជីដូនមួយ យកដំបងគប់បងបែកមាត់

កណ្តាលៈ កាលពីវេលាម៉ោង ៧ និង៤៨នាទីយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ មានករណីហិង្សាដោយចេតនា ស្ថិតនៅភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ជួន សាលី ហៅឡី ភេទស្រីអាយុ៣៨ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅ ភូមិ-ឃុំកើតហេតុ ។ ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ ណាំ ឈៀវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ-ឃុំកើតហេតុ (មានសារធាតុញៀននៅក្នុងទឹកនោម) ។

វត្ថុតាងចាប់យក៖ ដំបងឈើជ្រុងចំនួន ០១ កំណាត់ ប្រវែង ០,៤៤សង់ទីម៉ែត្រ។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បាននិយាយចោទប្រកាន់លើឈ្មោះ ប៉ែន ជីប៉ាវ ភេទប្រុស អាយុ១០ឆ្នាំ ជាកូនប្រុសរបស់ជនរងគ្រោះ និងត្រូវក្មួយជីដូនមួយថា៖ បានយកដៃវាយក្បាលខ្លួន ពេលនោះជនរងគ្រោះ ក៏នាំកូនឲ្យទៅដេកលើផ្ទះ ចំណែកជនរងគ្រោះ បានចុះមកឈរនៅក្រោមផ្ទះរបស់ខ្លួន។

ភ្លាមនោះជនសង្ស័យ នៅតែមកឈ្លោះប្រកែក ជាមួយជនរងគ្រោះ រហូតជនសង្ស័យ បានយកដំបងឈើជ្រុង គប់ទៅលើជនរងគ្រោះ ត្រូវចំមាត់ បណ្ដាលឲ្យបែកហូរឈាម ហើយត្រូវបានសាច់ញាតិ ដឹកយកទៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ។

បន្ទាប់មកក្រុមគ្រួសាររបស់ជនរងគ្រោះ បានមកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ផ្សារដែក ភ្លាមនោះកម្លាំងប៉ុស្តិ៍ផ្សារដែក បានចុះទៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងចាប់យកវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់