ព័ត៌មានជាតិ

នារី ២នាក់របួសធ្ងន់ បន្ទាប់ពីរថយន្តសណ្តោងទូរកុងតឺន័របុកម៉ូតូពីក្រោយ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តសណ្តោងទូរកុងតឺន័រធុនធំបុកម៉ូតូពីក្រោយ បណ្តាលឲ្យនារី ២នាក់ រងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញនារី ២នាក់ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ ឆ្នាំ២០០០ ពាក់ស្លាកលេខ កំពង់ធំ 1P-3993 បើកបរក្នុងទិសដៅពីលិចទៅកើត រហូតមកដកល់ចំណុចកើតហេតុ ក៏មានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-2086 ធ្វើដំណើរស្របទិសមកពីក្រោយ ក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យតងរបួសទាំង ២នាក់តែម្តង រួចបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំង និងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការវាស់ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់