ព័ត៌មានជាតិ

ម៉ូតូ១គ្រឿងជិះគ្នា ៣នាក់ បើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងរបួស

ភ្នំពេញ: បុរសម្នាក់បានរងរបួសបាក់ភ្លៅខាងឆ្វេង និង២នាក់ទៀតបានរងរបួសរលាត់ដៃរលាត់ជើង បន្ទាប់ពីជិះដឹកគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបខាងមុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសបីនាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាភីស៊ីអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CX-5502 ដោយជិះដឹកគ្នា តាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ជាមួយល្បឿនយ៉ាងលឿន។

មកដល់ចំណុចកើតហេតុម៉ូតូខាងលើ ក៏បានរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ភ្លៅខាងឆ្វេង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនសម្ភពរស្មី។

ចំណែកឯបុរសពីរនាក់ទៀត បានរងរបួសរលាត់ដៃរលាត់ជើង រីឯម៉ូតូរងការខូចខាតបែកកាបាំង ខាងមុខចំហៀងខាងឆ្វេង។ ភ្លាមៗនោះបុរសម្នាក់ ជាអ្នកបើកបរម៉ូតូ ដែលរងបួសស្រាល បានលើកម៉ូតូរួចជិះចេញពីកន្លែងកើតហេតុ ចោលគ្នីគ្នាពីរនាក់ទៀត។ ប៉ុន្តែស្របពេលក៏កម្លាំងសមត្ថកិច្ច ចុះមកកន្លែងកើតហេតុទាន់ ក៏ជិះដេញតាមទៅមុខប្រមាណ៥០០ម៉ែត្រ ទើបស្ទាក់ចាប់បានមកវិញ ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានធ្វើការឆែកឆេរទៅលើខ្លួនបុរសទាំងពីរខាងលើ តែពុំឃើញមានអ្វី ដែលពាក់ពន្ធ័និងបទល្មើសខុសច្បាប់នោះទេ។

បើតាមសម្តីពីបុរសម្នាក់ ដែលជិះម៉ូតូចេញពីកន្លែងកើតហេតុ បានឆ្លើយប្រាប់សមត្ថកិច្ចថា មកពីរូបប្រញាប់ទៅយកលុយពីបងប្អូន នៅឯផ្សារថ្មី ទើបបានគេលើកម៉ូតូ ជិះទៅម្នាក់ឯងចោលគ្នីគ្នាតែម្តងទៅ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានយកម៉ូតូខាងលើទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី១ ដើម្បីរង់ចាំម្ចាស់យកឯកសារ ដែលពាក់ព័ន្ធនឹងម៉ូតូមកផ្ទៀងផ្ទាត់ យកម៉ូតូត្រលប់ទៅវិញនៅពេលក្រោយ៕

មតិយោបល់