ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះផ្អាកសំណង់បុរីផ្ទះល្វែង គឹម ធី

ភ្នំពេញៈ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះផ្អាក សំណង់ផ្ទះល្វែង បុរី គឹម ធី ចំនួន២០៩ ល្វែង ស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងមន្រ្តីសាលាខណ្ឌ ដោយមានការចូលរួមពីមន្ត្រីភូមិបាលខណ្ឌ និងលោកប្រធានការិយាល័យបរិស្ថានខណ្ឌ បានចុះធ្វើការត្រួតពិនិត្យ និងផ្អាកសកម្មភាពសាងសង់ កាលពីវេលាម៉ោង៩ និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ព្រមទាំងបានធ្វើលិខិតផ្ញើ ទៅកាន់ម្ចាស់បុរី ដែលកំពុងស្ថិតនៅក្រៅប្រទេស បង្គាប់ឲ្យសុំច្បាប់ឲ្យបានត្រឹមត្រូវសិន ទើបអាចសាងសង់បន្តទៀតបាន។

លោកបានបន្តទៀតថា សំណង់បុរីផ្ទះល្វែង គឹម ធី នេះមានចំនួន២០៩ល្វែង ដែលកំពុងដំណើការសាងសង់យ៉ាងរលូន ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ។

ដោយឡែកឈានដល់ការចុះផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ននាពេលនេះ ក៏ព្រោះតែមានការសង្ស័យថា បុរីមួយនេះ ដំណើរការសាងសង់ ដោយពុំមាននច្បាប់អនុញ្ញាត ព្រោះអាជ្ញាធរមិនដែលបានដឹង ពីមុនមកទាល់តែសោះ។

បន្ទាប់ពីលោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បានចាត់ឲ្យលោកផ្ទាល់ដែលអភិបាលរង ខណ្ឌដឹកនាំកម្លាំងមន្ត្រីសាលាខណ្ឌ ចុះទៅត្រួតពិនិត្យមើលជាក់ស្ដែង ព្រមទាំងសាកសួរព័ត៌មានពីម្ចាស់បុរី ដើម្បីស្វែងរកឯកសារពាក់ព័ន្ធផ្សេងៗ ជាពិសេសច្បាប់អាជីវកម្ម និងច្បាប់សាងសង់តែម្ដង។

លុះពេលចុះទៅដល់ម្ចាស់បុរីនោះ ចេញទៅក្រៅប្រទេសបាត់ទៅហើយ ប៉ុន្តែបានជួបជាមួយតំណាងរបស់គាត់ ហើយឆ្លងតាមការពិនិត្យរកឃើញថា សំណង់ខាងលើគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ។

ប្រភពដដែលបានបន្តថា ខណៈនោះលោកអភិបាលខណ្ឌហែម ដារិទ្ធិ បានណែនាំឲ្យលោកផ្អាកការសាងសង់នោះជាបណ្ដោះអាសន្នសិន រួចធ្វើលិខិតផ្ញើទៅកាន់ម្ចាស់បុរីនេះ ផ្អាកសកម្មភាពនិងសុំច្បាប់ឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតិឲ្យសាងសង់បន្តទៀត នៅពេលក្រោយទៀត។ ក្នុងករណីមិនព្រមស្ដាប់តាម មិនព្រមផ្អាកនៅតែបន្តការសាងសង់ទាំងល្មើសនោះ អាជ្ញាធរខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់៕

មតិយោបល់